(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងសមត្ថភាពមន្ត្រីរាជការជាប់ជាប្រចាំ, លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានណែនាំឱ្យបន្តរៀបចំកម្មវិធីកសាងសមត្ថភាពមន្ត្រីរាជការលើជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យាឌីជីថលព្រមទាំងចែករំលែកបទពិសោធការអនុវត្តការងារជាក់ស្តែងពីថ្នាក់ដឹកនាំក្រសួងដល់មន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋដល់មូលដ្ឋាន និងការរួមចំណែកដើម្បីអភិវឌ្ឍអង្គភាព និងប្រទេសជាតិឱ្យរីកចម្រើនបន្ថែមទៀត។
នៅថ្ងៃទី២៤ ដល់ ២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងបានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ក្រោមប្រធានបទ៖ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ឋភាពការងារ នៅសណ្ឋាគារសុវណ្ណភូមិ មុន្នី ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរដ្ឋលេខាធិការ ខាយ ឃុនហេង ព្រមទាំងមានការអញ្ជើញចូលរួមពី អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង គ្រូឧទ្ទេសជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងសិក្ខាកាមចំនួន៩០រូប ដែលជាមន្ដ្រីរាជការមកពីមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ១៧ខេត្ត។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖ (១) ផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមន្ត្រីថ្នាក់ដឹកនាំនៅថ្នាក់ជាតិ និងមន្ត្រីរាជការថ្នាក់ក្រោមជាតិ (២) បង្កើនសមត្ថភាពជំនាញវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន ដល់មន្ត្រីរាជការមន្ទីរ ប.ទ. ដើម្បីបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់រួមទាំងផ្សព្វផ្សាយអំពីច្បាប់ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ដើម្បីងាយស្រួលដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលកំពុងជួបប្រទះ ពិសេសគុណភាពសេវាទូរគមនាគមន៍ និង (៣) ផ្តល់ចំណេះដឹងព័ត៌មានថ្មីៗ និងបទពិសោធពាក់ព័ន្ធវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់អនុវត្តការងារប្រចាំថ្ងៃ ដើម្បីធ្វើឱ្យមន្រ្តីមានសមត្ថភាព បំពេញការងារតាមបរិបទថ្មីប្រកបដោយប្រសិទ្ធភាពខ្ពស់ និងស័ក្តិសិទ្ធភាពក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ។
លេីសពីនេះទៅទៀត សិក្ខាសាលានេះ ក៏បានការអនុវត្តកិច្ចពិភាក្សាក្រុមដើម្បីដឹងពីបញ្ហាប្រឈមរបស់អង្គភាពនិងដំណោះស្រាយពីមន្រ្តីជំនាញជាវាគ្មិនផងដែរ។
សូមជម្រាបជូនថា សិក្ខាសាលាស្ដីពីការពង្រឹងសមត្ថភាពអនុវត្តការងារនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ ប្រចាំឆ្នាំក្រោមប្រធានបទ «ជំរុញការចាប់យកឌីជីថលដើម្បីប្រសិទ្ធភាពការងារ» សម្រាប់មន្ទីរ ប.ទ. ទាំង២៤ បាននិងកំពុងរៀបចំ ចាប់ពីថ្ងៃទី២៤ ខែមិថុនា រហូតដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ដែលធ្វើនៅ ៤តំបន់ ដូចខាងក្រោម ៖
-ខេត្តកំពង់ឆ្នាំង៖ ចាប់ពីថ្ងៃទី២៤ ខែមិថុនា ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
-ខេត្តក្រចេះ៖ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥
-ខេត្តរតនគិរី៖ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥
-ខេត្ដកំពត៖ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥៕