(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត ចន ណារិទ្ធអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងលោក ជា សេរីវឌ្ឍ អគ្គលេខាធិការគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញជាអធិបតី និងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH និងការបណ្តុះបណ្តាលជំនាញឌីជីថល» រវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

ពិធីចុះហត្ថលេខានេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម អគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អនុគណៈកម្មាធិការទទួលបន្ទុកបរិវត្តកម្មឌីជីថល ក្នុងប្រព័ន្ធគាំពារសង្គម និងភាគីពាក់ព័ន្ធប្រមាណ ១០០រូប។

ពិធីចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងចូលរួមចំណែកធ្វើបង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពបន្ថែមទៀតនូវការជំរុញ ការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ពិសេសការធ្វើសុខដុមនីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម ដោយប្រើថ្នាល VERIFY.GOV.KH ក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារនានា ក្នុងរំហូរនៃការចុះបញ្ជី និងបើកផ្តល់កញ្ចប់អត្ថប្រយោជន៍លើ «ថ្នាលគាំពារសង្គមឌីជីថល» (Digital SocialProtection Platform) ជូនដល់អ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម។

ថ្លែងក្នុងពិធីខាងលើលោកបណ្ឌិត ចន ណារិទ្ធ បានគូសបញ្ជាក់ថា,ស្របតាមស្មារតីសមាជរដ្ឋសភា និងព្រឹទ្ធសភា, នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាល VERIFY.GOV.KH នេះនឹងរួមចំណែកបំពេញបន្ថែម នូ វសុក្រឹតភាព និងភាពឆាប់រហ័សនៃការអនុវត្តថ្នាលគាំពារសង្គមឌីជីថលផងដែរ។

លោកបណ្ឌិតថា ថ្នាលគាំពារសង្គមឌីជីថលនេះ ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបច្ចុប្បន្ន បាននិងកំពុងពង្រីកវិសាលភាពជាជំហានៗ ដើម្បីបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពគណនេយ្យភាព និងតម្លាភាពបន្ថែមទៀត សម្រាប់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម តាមរយ:ការធ្វើអន្តរប្រតិបត្តិការរវាងប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម ដែលអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យគ្នាទៅវិញទៅមកលើថ្នាលឌីជីថលរួម សំដៅផ្សារភ្ជាប់ប្រព័ន្ធទាំងអស់ក្នុងប្រព័ន្ធគាំពារសង្គមឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីរួម។

ជាមួយគ្នានេះ ថ្នាលគាំពារសង្គមឌីជីថល បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រួលការងារដល់មន្ត្រីអនុវត្តកម្មវិធីជាតិជំនួយសង្គម ដើម្បីឱ្យអ្នកទទួលផលក្នុងប្រព័ន្ធគាំពារសង្គម កាន់តែមានភាពងាយស្រួលក្នុងការចុះបញ្ជីទទួលយកកញ្ចប់អត្ថប្រយោជន៍ពីកម្មវិធីជាតិគាំពារសង្គមនានា និងពង្រឹងគុណភាពទិន្នន័យដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បន្ថែមលើទិន្នន័យដែលធ្វើការវាយបញ្ចូលទិន្នន័យចុះបញ្ជីគាំពារសង្គមដោយដៃ។

លោក ជា សេរីវឌ្ឍ បានជម្រាបជូនអង្គពិធីថា កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិគាំពារសង្គម និង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនិងពន្លឿនការប្រើបច្ចេកវិទ្យាឌីជីថលជាឃ្នាស់ (Digital Enabler) សម្រាប់ការអភិវឌ្ឍនិងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យគាំពារសង្គម ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មនិងសុខដុមនីយកម្មប្រព័ន្ធគាំពារសង្គម។

ជាក់ស្តែង ថ្នាលផ្ទៀងផ្ទាត់ឯកសារ VERIFY.GOV.KH ដែលជាកម្មវត្ថុនៃកិច្ចសហប្រតិបត្តិការនាថ្ងៃនេះ ត្រូវបានអភិវឌ្ឍដោយប្រើប្រាស់បច្ចេកវិទ្យាឈានមុខ (ប្លុកឆេន)ស្របតាមគោលការណ៍យថាភូតភាព បូរណភាព និងសុពលភាព ដែលមានភាពរឹងមាំធន់នឹងការវាយប្រហារទាំងឡាយ ហើយថ្នាលនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើនប្រសិទ្ធភាពនៃអន្តរប្រតិបត្តិការប្រព័ន្ធគាំពារសង្គមប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តផងដែរ។

លោកបណ្ឌិត ចន ណារិទ្ធ និងលោក ជា សេរីវឌ្ឍប្តេជ្ញាបន្តសហការឱ្យកាន់តែល្អប្រសើរឡើង ព្រមទាំងលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសនៃស្ថាប័នទាំង២ សហការបំពេញការងារក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដូចមានកំណត់ក្នុងអនុស្សរណៈនៃការយោគយល់ ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ដើម្បីរួមចំណែកជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមបន្ថែមទៀត៕