(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងនូវចំណុចសំខាន់ចំនួន ៨ ដល់អង្គមីម្ទិញ អបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដើម្បីដំណើរឆ្ពោះទៅកាន់ភាពរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។
សម្ដេចតេជោ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមធ្វើការបញ្ជាក់នូវចំណុចចំនួន៨ ដូចខាងក្រោម៖
*ទី១៖ គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណងកសាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដែលមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន, មានលទ្ធិប្រជាធិបតេយ្យចាក់ឫសជ្រៅក្នុងសង្គមជាតិ, មានការធានាចំពោះសមភាព សមធម៌ និងយុត្តិធម៌សង្គម, ប្រជាជនមានចំណេះដឹង និងការងារធ្វើកាន់តប្រសើរ មានសុខភាពមាំមួន វប្បធម៌ថ្លៃថ្លា មានសាមគ្គីភាព និងជីវភាពរស់នៅសមរម្យ ដោយចាកផុតពីភាពក្រីក្រ ពីគ្រោះអវិជ្ជានិងពីអំពើហិង្សាគ្រប់ទម្រង់។
*ទី២៖ ការដឹកនាំត្រឹមត្រូវខាងនយោបាយជាកត្តាចម្បងនៃជ័យជម្នះអាស្រ័យហេតុនេះ គណបក្សត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនលើគ្រប់ផ្នែកឱ្យបានជាប្រចាំ ទាំងការយល់ដឹង និងការប្រតិបត្តិឱ្យឆ្លើយតបទៅនឹងសំណូមពរសភាពការណ៍ជាតិ ជាពិសេសសភាពការណ៍សេដ្ឋកិច្ច សង្គម និងសភាពការណ៍អន្តរជាតិដែលមានការវិវត្តឥតឈប់ឈរ ដោយប្រកាន់ខ្ជាប់មាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស លើកកម្ពស់មនសិការស្នេហាជាតិ និងការពង្រឹងពង្រីកទំនាក់ទំនងក្រៅប្រទេស ដើម្បីធានានូវការដាក់ចេញកម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយនិងសេចក្តីសម្រេចនានាលើរាល់បញ្ហាបានត្រឹមត្រូវ។
*ទី៣៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះទាំងក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារមាតុភូមិ។ ប្រជាជនជាមូលដ្ឋានគ្រឹះ ដែលទ្រទ្រង់ដល់ការដឹកនាំនយោបាយក្នុងសង្គមជាតិ។ ប្រវត្តិសាស្ត្រជាក់ស្តែងរបស់កម្ពុជាជាង ៤ទសវត្សមកនេះ បានបញ្ជាក់ច្បាស់នូវប្រការខាងលើនេះថា បើប្រជាជនយល់ ប្រជាជនជឿ ប្រជាជនគាំទ្រនិងចូលរួម ទើបគណបក្សអាចសម្រេចនូវបុព្វហេតុរបស់ខ្លួនបាន។ អាស្រ័យហេតុនេះ រាល់អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវស្មោះត្រង់នឹងប្រជាជន យកប្រជាជនធ្វើជាគោលដៅនៃការ
បម្រើរបស់ខ្លួន ផ្អែកលើប្រជាជន និងរៀនសូត្រពីប្រជាជន។
*ទី៤៖ គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប ត្រូវក្ដាប់ឱ្យជាប់នូវមូលហេតុទាំង៦យ៉ាង ជោគជ័យរបស់គណបក្ស ដើម្បីតម្រែតម្រង់ទិសសកម្មភាពឱ្យបានត្រឹមត្រូវក្នុងការបន្តកសាងពង្រឹងគណបក្ស ការអនុវត្តកម្មវិធីនយោបាយ និងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ស្របតាមតួនាទី៦យ៉ាងនិងភារកិច្ចរបស់ខ្លួន។ ការមិនយកចិត្តទុកដាក់ចំពោះមូលហេតុទាំងអស់នេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការអនុវត្តកម្មវិធីនយោបាយ និងជំនឿរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស ដែលចាំបាច់ត្រូវតែជម្នះនិងដោះស្រាយឱ្យបានឆាប់នៅទីកន្លែងណាដែលមានភាពអសកម្មនេះ។
*ទី៥៖ អំពើល្អរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់ គ្រប់ផ្នែក គឺជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ ប្រជាជនយល់ដឹងពីគណបក្ស ជឿលើគណបក្ស ហើយចូលរួមសកម្មអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គឺតាមរយៈជួរមន្ត្រីនេះឯង។ ហេតុនេះ មន្ត្រី គណបក្សត្រូវតែរឹងមាំ និងស្អាតស្អំ ប្រកបដោយសមត្ថភាព គុណធម៌និងសីលធម៌។ ការជាក់ស្ដែងបានបង្ហាញថាប្រជាជនត្រូវការតួនាទីដឹកនាំរបស់គណបក្ស គាំទ្រគណបក្ស ប៉ុន្តែប្រជាជនមិនសប្បាយចិត្តឡើយចំពោះទង្វើខុសឆ្គងរបស់មន្ត្រីមួយចំនួន។ អាស្រ័យហេតុនេះ មន្ត្រី
គ្រប់រូបត្រូវធ្វើតែអំពើល្អ មិនធ្វើអ្វីឱ្យប៉ះពាល់ដល់សិទ្ធិ និងប្រយោជន៍ប្រជាជន និងមិនត្រូវមានឥរិយាបថជាចៅហ្វាយនាយប្រជាជនឡើយ។
*ទី៦៖ សាមគ្គីភាពជាតិជាអាយុជីវិតរបស់ជាតិ មានសាមគ្គីភាពទើបជាតិរស់ បើបែកបាក់សាមគ្គីភាពជាតិនឹងត្រូវស្លាប់ប្រវត្តិសាស្ត្របានបង្ហាញច្បាស់ គ្រប់គ្រាន់ហើយនូវហេតុផលនេះ។ គណបក្សប្រជាជនកម្ពុជា ដែលបានជ្រោងទង់មហាសាមគ្គីជាតិនៅគ្រប់ដំណាក់កាល នឹងបន្តអនុវត្តកាតព្វកិច្ចនេះប្រកបដោយជំហរទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនាជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងស្មារតីនេះ គណបក្សប្រជាជនកម្ពុជាបន្តអនុវត្តវប្បធម៌ សន្ទនាប្រកបដោយភាពប្រាកដជាក់ស្តែងជាមួយបណ្តាគណបក្សនយោបាយនានា និងមជ្ឈដ្ឋានផ្សេងៗក្នុងសង្គម ដើម្បីបង្កើតភាពសុខដុម ការពង្រឹងឯកភាពជាតិ និងការថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យ ដែលគោរពដល់ភាពចម្រុះនៃទស្សនៈបានផ្តល់មធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការដោះស្រាយនិងមតិបញ្ហាសង្គម និងនយោបាយ ដោយឈរលើមូលដ្ឋាននីតិរដ្ឋ និងការផ្សះផ្សារជាតិ។ ក្នុងទិសដៅនេះ គណបក្សប្រជាជនកម្ពុជាបានធ្វើសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយចំនួន ២៨ ដោយគោរពឯករាជ្យ និងស្វ័យភាពរបស់គណបក្សនីមួយៗ ស្មើភាព និងស្មើសិទ្ធិ ដើម្បីប្រមូលកម្លាំងស្នេហាជាតិ ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែង។
*ទី៧៖ សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ជាសមិទ្ធផលដ៏វិសេសវិសាលដែលយើងសម្រេចបានមកយ៉ាងលំបាក តាមរយៈនយោបាយឈ្នះ ឈ្នះ ដោយឆ្លងកាត់ការតស៊ូការអត់ធ្មត់ និងការទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់។ ប៉ុន្តែសន្តិភាពនៅមានការគំរាមកំហែងនៅឡើយពីសំណាក់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលព្យាយាមធ្វើឱ្យសង្គមមានការបែកបាក់ ពោរពេញដោយកំហឹង ការភាន់ច្រឡំ និងភាពសម្អប់ សំដៅឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយហិង្សា ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍
នៃលទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ យើងត្រូវអរគុណសន្តិភាព ត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស និងរួមគ្នាកម្ចាត់ចលនាជ្រុលនិយមឱ្យអស់ពីសង្គមកម្ពុជា មិនទុកឱ្យវាមកបំផ្លាញសន្តិភាពបានឡើយ។ ខ្ញុំក៏សូមយកឱកាសនេះ បញ្ជាក់ថែមទៀតថា ចំពោះជនទាំងឡាយដែលនៅតែបន្តសកម្មភាពជ្រុលនិយម បំពានរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមានត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួន បើពុំដូច្នោះទេអ្នកនឹងពុំអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ។
*ទី៨៖ ប្រទេសកម្ពុជាដ៏កម្សត់នេះធ្លាប់បានទទួលរងការឈ្លានពានពីបរទេស សង្គ្រាម និងអំពើប្រល័យពូជសាសន៍ ត្រូវគេហ៊ុមព័ទ្ធ និងឯកោ និងត្រូវគេប្រមាថមើលងាយពីអតីតកាល។ ឥឡូវនេះកម្ពុជាបានងើបឈរឡើងវិញប្រកបដោយភាពស្មើមុខ ស្មើមាត់ ជាមួយបណ្តាប្រទេស។ យើងត្រូវការបំផុតនូវសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ យើងគ្មាននយោបាយ និងជំហរអមិត្តជាមួយប្រជាជាតិណាមួយឡើយ។ នៅក្នុងចំណុចនេះ ខ្ញុំចង់គូសបញ្ជាក់ថា សកម្មភាពវាយប្រហារខុសច្បាប់ដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា កន្លងទៅ នៅតំបន់មុំបីក្នុងទឹកដីកម្ពុជា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ ព្រឹត្តិការណ៍នេះ បានឆ្លុះបញ្ចាំងអំពីភាពច្រំដែលនៃប្រវត្តិសាស្ត្រ ទោះបីជាយើងមានសុឆន្ទៈក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី។ ឆ្លើយតបនឹងស្ថានការណ៍នេះ គណបក្សប្រជាជនកម្ពុជាគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំង៤ ដោយសន្តិវិធីស្របតាមអនុស្សារណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០»។
ជាមួយគ្នានេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ «ពីអតីតកាល កម្ពុជា បានបាត់បង់ទឹកដីរបស់ខ្លួនច្រើនណាស់ហើយ ដោយសារការឈ្លានពានដណ្ដើមយកពីបរទេស។ យើងប្តូរផ្តាច់ការពារបូរណភាពទឹកដីបច្ចុប្បន្ន ដែលបន្សល់ទុកបន្ទាប់ពីសម័យអាណានិគមនិយមឱ្យគង់វង្សស្ថិតស្ថេរជានិរន្តរ៍មិនឱ្យបាត់បង់សូម្បីតែមួយចំណែកតូចណាក្តី»៕