(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបញ្ជាក់ថា តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានផ្តល់លទ្ធភាពពេញលេញឱ្យគណបក្សប្រគល់ភារកិច្ចដឹកនាំ ដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលគណបក្សបានអប់រំបណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់បំផុត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងមិទ្ទិញអបអរសាទរខួប ៧៤ឆ្នាំថ្ងៃកំណើតបក្ស(២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥) ដែលបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន ៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ ឈុំ, សម្តេចក្រឡាហោម ស ខេង សម្តេចពិជ័យសេនា ទៀ បាញ់ សម្ដេចកិត្តិសង្គហបណ្ឌិត មែន សំអន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា ជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានផ្តល់លទ្ធភាពពេញលេញឱ្យគណបក្សប្រគល់ភារកិច្ចដឹកនាំដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលគណបក្សបានអប់រំ បណ្ដុះបណ្ដាល និងត្រៀមលក្ខណសម្បត្តិយ៉ាងម៉ត់ចត់បំផុត»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លងកាត់រយៈពេលជិតពីរឆ្នាំមកនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពុះពារជម្នះបញ្ហាប្រឈមជាច្រើនសម្រេចបានសមិទ្ធផលលើគ្រប់វិស័យប្រកបដោយមោទនភាព ដែលបានឆ្លុះបញ្ចាំងឱ្យឃើញច្បាស់អំពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា បច្ចុប្បន្ននេះកម្ពុជាកំពុងឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានចក្ខុវិស័យច្បាស់លាស់ មានការប្ដេជ្ញាចិត្តមោះមុត និងមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ដែរថា សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ ត្រូវបានការពារយ៉ាងរឹងមាំ, លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងនីតិរដ្ឋត្រូវបានពង្រឹង និងលើកកម្ពស់ឥតឈប់ឈរ, សេដ្ឋកិច្ចជាតិបន្តលូតលាស់ប្រកបដោយចីរភាព, ជីវភាពប្រជាជនមានស្ថិរភាព, កំណែទម្រង់នានា
ត្រូវបានអនុវត្តដោយឆន្ទៈមុតស្រួច និងប្រសិទ្ធភាព ប្រព័ន្ធគាំពារសង្គមកាន់តែត្រូវបានអភិវឌ្ឍប្រកបដោយគុណភាព៕