(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារគណបចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រីអនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក លោកស្រីជាប្រធាន អនុប្រធាន និងសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង០៨ រួមទាំងសិស្សានុសិស្សប្រមាណ ៥០០នាក់ រៀបចំពិធីសំណេះសំណាលអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
គោលបំណងនៃការរៀបចំខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានេះ ដើម្បីធ្វើឲ្យសមាជិកគណបក្សគ្រប់រូប និងមហាជន ជាពិសេសស្រទាប់យុវជនបានយល់ដឹងច្បាស់អំពីប្រវត្តិប្រពៃណីស្នេហាជាតិ និងស្នាដៃធំៗ ជាប្រវត្តិសាស្រ្តរបស់គណបក្សប្រជាជនកម្ពុជាដែលបានសម្រេចជូនជាតិ ចាប់ពីថ្ងៃជ័យជម្នះ ៧មករា មកលើមូលដ្ឋាននេះដើម្បីពង្រឹងជំនឿ និងការគាំទ្រចំពោះការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដើម្បីធ្វើឱ្យសាធារណមតិឃើញច្បាស់អំពីគោលជំហរនយោបាយដ៏ត្រឹមត្រូវ និងរឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី, ការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ, ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន។
ជាកិច្ចចាប់ផ្តើមនាឱកាសនោះលោក ហាក់ ម៉ុងហួត ប្រធានគណបក្សស្រុកតាំងគោក បានឡើងអាននូវខ្លឹមសារទាំងស្រុងនៃសុន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា(២៨ មិថុនា ១៩៥១- ២៨ មិថុនា ២០២៥) ដែលពិធីនេះក៏ស្របពេលដែលប្រជាជនកម្ពុជានៅទូទាំងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ បាននិងកំពុងប្រារព្ធពិធីនេះយ៉ាងអធិបអធម ពិសេសការរៀបចំប្រារព្ធមិទ្ទីញដ៏មហោឡារឹកនៅវិមាន ៧មករា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
បន្ទាប់ពីលោក ហាក់ ម៉ុងហួត បានឡើងអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន រួច លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីប្រវត្តិសំខាន់ៗនៃការកកើតឡើងរបស់គណបក្សប្រជាជនកម្ពុជា គិតចាប់ពីថ្ងៃបង្កើតគណបក្សពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ និងបានលើកឡើងពីស្នាដៃរបស់ថ្នាក់ដឹកនាំគណបក្ស ក៏ដូចជាសមិទ្ធផលសំខាន់ៗដែលបានកើតចេញពីគណបក្សប្រជាជនកម្ពុជា រហូតមកដល់នាពេលបច្ចុប្បន្ននេះផងដែរ។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ថោង ខុន ក៏បានបញ្ជាក់ពីប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាប្រវត្តិនៃការដឹកនាំដ៏អង់អាចក្លាហាន មោះមុតឥតរាថយ នៅលើមាគ៌ានយោបាយមួយដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងសង្គតិភាពដើម្បីបុព្វហេតុធំៗដូចជា៖ ការតស៊ូរំដោះជាតិ ពីពួកអាណានិគម, កិច្ចការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីពេញលេញ ប្រឆាំងការឈ្លានពានត្រួតត្រារបស់ពួកបរទេសគ្រប់ប្រភេទ, ការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដើម្បីសង្រ្គោះអាយុជីវិតប្រជាជាតិ, ការការពារជាតិ ស្តារនិងកសាងប្រទេសឡើងវិញ និងកសាងសន្តិភាព និងការថែរក្សាសន្តិភាពប្រឆាំងបដិវត្តន៍ពណ៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
លោកបានបន្ថែមថា ក្នុងរយៈពេលជាង ២៦ឆ្នាំកន្លងមកនេះក្រោមម្លប់នៃសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្ស និងការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អាណត្តិទី៧ និងជាអនុប្រធានគណបក្សកម្ពុជា សម្រេចបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។
លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា គណបក្សប្រជាជនកម្ពុជាជារបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ។ មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍ ឆ្ពោះទៅរកអនាគតដ៏រុងរឿង។
ដូចនេះយើងទាំងអស់គ្នា ក្នុងនាមជាមន្រ្តី និងសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវដឹងគុណបក្ស ត្រូវស្មោះត្រង់ជាមួយបក្ស ការពារបក្សនៅគ្រប់កាលៈទេសៈ និងមានសាមគ្គីឯកភាពផ្ទែក្នុងបក្សរឹងមាំ។ ជួយផ្សព្វផ្សាយ និងចែករំលែកពត៌មានល្អៗរបស់ប្រទេសជាតិ និងសូមប្តេជ្ញាចូលរួមថែរក្សានូវសុខសន្តិភាព ស្ថិរភាព និងថែរក្សានូវរាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឱ្យបានគង់វង្សជារៀងរហូត។
លោក ថោង ខុន ក៏បានគូសបញ្ជាក់ថា ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយយេីងទាំងអស់គ្នាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាត់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងការដោះស្រាយបញ្ហាព្រំដែននៅចំណុចផ្សេងៗទៀតដោយសន្តិវិធីស្របតាមអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំងពីរនៅឆ្នាំ២០០០។ យើងទាំងអស់គ្នារួមសាមគ្គីជាធ្លុងមួយ ផ្តល់ការគាំទ្រ និងជួយដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី៕