(តាកែវ)៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ បានចូលរួមជាអធិបតីក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ។
ពិធីនេះមានការនិមន្ត/អញ្ជើញចូលរួមពីព្រះសង្ឃ, ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងប្រធាន អនុប្រធាន សមាជិក សមាជិក នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តតាកែវ ក្រុមការងារគណបក្សចុះមូលដ្ឋាន ក្រុង/ស្រុក ទាំង១០ នៃខេត្តតាកែវ ប្រមាណ ២០៧៥ អង្គ/នាក់។
ជាមួយគ្នានេះ លោក ជា វ៉ាន់ដេត បានជម្រាបជូនអង្គមិទ្ទីញអំពី បញ្ហាព្រំដែនកម្ពុជា ហើយបើមានការឈ្លានពានពីបរទេសយើងត្រូវរួមគ្នាដើរតាមគណបក្សប្រជាជនកម្ពុជា សាមគ្គីផ្ទៃក្នុង និងរួមគ្នាគ្រប់សកម្មភាពការពារជាតិ មាតុភូមិរបស់យើង។
អង្គមិទ្ទីញប្រកាស គោរពអនុវត្ត និងគាំទ្រពេញទំហឹងនូវជំហរដ៏ម៉ឺងម៉ាត់ច្បាស់លាស់ របស់រាជរដ្ឋាភិបាល ក្នុងការយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងគាំទ្រជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន នៅចំណុចផ្សេងទៀតក្រៅពីចំណុចទាំងបួន ដោយសន្តិវិធីស្របតាមអនុស្សរណៈ នៃការយោគយល់រវាងប្រទេសទាំងពីរ (កម្ពុជា-ថៃ) នៅឆ្នាំ២០០០៕