(បន្ទាយមានជ័យ)៖ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះជួយខេត្តបន្ចាយមានជ័យ និងអភិបាលខេត្តបន្ចាយមានជ័យលោក អ៊ុំ រាត្រី ព្រមទាំងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះមកត្រួតពិនិត្យស្ថាភាពជាក់ស្តែងទូទៅនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ទាំងលោករដ្ឋមន្រ្តី និងអភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍បងប្អូនពលករខ្មែរ ដែលនៅបន្តចាកចេញពីថៃវិលចូលស្រុកកំណើតវិញ។ មន្រ្តីនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា អាជ្ញាធរកម្ពុជា ទទួលបងប្អូនខ្មែរទាំងអស់ ឲ្យតែភាគីថៃបើកទ្វារអនុញ្ញាតឲ្យពួកគាត់វិលមកវិញ។

គិតត្រឹមថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ នៅមានបងប្អូនខ្មែរយើងជាពលករ ចាកចេញពីថៃវិលចូលស្រុកវិញជាបន្តបន្ទាប់ ហើយសម្រាប់ជនជាតិថៃដែលធ្វើការនៅទីក្រុងប៉ោយប៉ែត ចង់វិលទៅថៃវិញ អាជ្ញាធរកម្ពុជាយើង បើកទ្វារជូនដូចគ្នា៕