(ភ្នំពេញ)៖ កាលពីព្រឹកព្រហាមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅ គឺជាថ្ងៃដែលកងទ័ពថៃ បានលបលួចចូលវាយប្រហារកងទ័ពកម្ពុជា នៅក្នុងទឹកដីកម្ពុជា នៅតំបន់មុំ៣ ដែលបានធ្វើឱ្យកងទ័ពកម្ពុជាមួយរូបបានពលីជីវិត។ គិតមកដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺមានរយៈពេលមួយខែហើយ ដែលព្រំដែនកម្ពុជាថៃ មានភាពតានតឹងរហូតមានការបិទព្រំដែនទាំងស្រុងរវាងប្រទេសទាំង២។
មិនត្រឹមតែព្រំដែនបានបិទនោះទេ សូម្បីតែទំនិញផ្សេងៗរបស់ថៃ បូករួមទាំងអគ្គិសនី អ៊ីនធឺណេត និងប្រេងឥន្ធនៈរបស់ថៃ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាបិទមិនឱ្យមានការនាំចូលមកកាន់កម្ពុជាដែរ ដើម្បីជាការឆ្លើយតបនឹងការគំរាមកំហែងរបស់ថៃដែលចង់បិទ តែរដ្ឋាភិបាលកម្ពុជាសម្រេចបិទតែម្ដង។
យ៉ាងណាមិញបញ្ហាព្រំដែននេះ បាននាំឱ្យតំណែងនាយករដ្ឋមន្រ្តី របស់លោកស្រី ផែថងថាន កាន់តែរង្គោះរង្គើកាន់តែខ្លាំង ក្រោយការបែកធ្លាយសារជាសំឡេងសន្ទនាសូមជំនួយជាយោបល់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។ ដែលនាំឱ្យនាយករដ្ឋមន្ត្រីថៃ ក្មេងខ្ចីមួយនេះកំពុងប្រឈមការស៊ើបអង្កេតពីតុលាការធម្មនុញ្ញ បន្ទាប់ពីមានពាក្យបណ្ដឹងពីប្រធានព្រឹទ្ធសភាថៃ ជុំវិញការរំលោភរដ្ឋធម្មនុញ្ញ និងច្បាប់ប្រទេសថៃ ជុំវិញការបែកធ្លាយសារសន្ទនាតាមទូរស័ព្ទ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ខណៈក្រុមគូប្រជែងព្យាយាមបណ្តេញលោកស្រី ចេញពីតំណែង។
ដូច្នេះតើរយៈពេល១ខែ នៃកាឈ្លានពានរបស់ថៃមកលើព្រំដែនកម្ពុជា, តើលោកស្រី ផែថងថាន អាចរក្សាតំណែងនាយករដ្ឋមន្រ្តីបានដែរឬទេ?
ដើម្បីឆ្លើយតបប្រធានបទនេះ កិច្ចពិភាក្សា Fresh Talk មានវាគ្មិនកិត្តិយស២រូប ដែលអញ្ជើញចូលរួមមកស្រាយគឺ៖
- ឯកឧត្តម ប៉ែន បូណា៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
- លោកបណ្ឌិត យង់ ពៅ៖ អ្នកជំនាញភូមិសាស្រ្តនយោបាយ
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕