(កំពត)៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានបើកសន្និបាតបោះឆ្នោតជ្រើសរើសសមាសភាពការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប សម្រាប់អាណត្តិ២ឆ្នាំ លើកទី២ នៃអាណត្តិ៦ឆ្នាំ លើកទី៤ ដែលបានប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់នី ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។ ក្រោមអធិបតីភាព លោក ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត កែវ សុផាន់ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប បច្ចុប្បន្ន មានសរុបចំនួន ៣៤៣រូប ស្រី ៨០រូប ក្នុងនោះជនជាតិខ្មែរ ៣៣០រូប ជនជាតិបរទេស ១៣រូប ហើយមានអាជ្ញាប័ណ្ណ មានសុពលភាព ៣៣៦រូប ស្មើរ៩៨ភាគរយ អាជ្ញាប័ណ្ណហួសសុពលភាព ៧រូបស្មើ ០,២ភាគរយ។
បច្ចុប្បន្នបាននិងកំពុងពង្រឹងនូវគុណវុឌ្ឍន៍ប្រកបដោយសមធម៌ គុណធម៌សេចក្តីថ្លៃថ្នូរនៃវិជ្ជាជីវៈ ក្រោមការជ្រោមជ្រែងយកចិត្តទុកដាក់ និងជួយជំរុញសកម្មភាពនានា ពីថ្នាក់ជាតិ ដើម្បីឈានទៅរកការអភិវឌ្ឍសង្គមជាតិ ស្របតាមយុទ្ធសាស្ត្រនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ក្នុងឱកាសនោះ លោក ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអគ្គលេខាធិការក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប ទាំងអស់ ត្រូវយកចិត្តទុកដាក់ ចូលរួមសហការ អនុវត្តការងារគ្រប់គ្រងដឹកនាំ ក្នុងការផ្ដល់សេវាសុខាភិបាល ពិសេសការអនុវត្តច្បាប់និយ័តកម្មសុខាភិបាល ប្រកបដោយការទទួលខុសត្រូវ និងប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌ សុជីវធម៌ ការ ចូលរួមសហការកែលម្អសេវាសុខាភិបាល ក្នុងគោលបំណង លើកកម្ពស់ការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពសេវាសុខាភិបាលប្រកបដោយការទទួលខុសត្រូវ។
លោកអនុរដ្ឋលេខាធិការ ក៏បានលើកបញ្ជាក់ដែរថា ភារកិច្ច និងមុខងារគន្លឹះរបស់គណៈគ្រូពេទ្យ រួមមាន៖
*១៖ ការពារអ្នកជំងឺ អតិថិជន តាមរយៈការលើកកម្ពស់ និងធានាដល់ស្តង់ដាគុណភាពរបស់គ្រូពេទ្យ។
*២៖ គាំទ្រអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ត្រ ក្នុងការបម្រើសេវាថែទាំ ដែលមានសុវត្ថិភាពដល់អ្នកជំងឺ។
*៣៖ ធានាថាគ្រូពេទ្យមានបច្ចុប្បន្នភាពវិជ្ជាជីវៈ និងសម្បទាគ្រប់គ្រាន់ ក្នុងការប្រកបវិជ្ជាជីវៈ។
*៤៖ លើកកម្ពស់ការអនុវត្តស្តង់ដាក្រុមសីលធម៌ និងឆ្លើយតបរាល់កង្វល់ តាមរយៈការអង្កេតស្រាវជ្រាវលើបណ្ដឹងតវ៉ា លើគ្រូពេទ្យ ចាត់វិធានការណ៍សមស្រប ដើម្បីការពារសាធារណៈជនក្នុងករណីចាំបាច់។
លោកបន្តថា គណៈគ្រូពេទ្យគឺជាតួអង្គយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការរួមចំណែកសម្រេចបាននូវការអនុវត្តក្របខណ្ឌគោលនយោបាយ របស់រាជរដ្ឋាភិបាល ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ជាពិសេសបង្កើនភាពទទួលបានសេវាថែទាំសុខភាពរបស់ប្រជាជន ធានាគុណភាព សុវត្ថភាព និងប្រសិទ្ធភាព នៃសេវាសុខាភិបាល។
សូមបញ្ជាក់ថា ជាលទ្ធផលការបោះឆ្នោតជ្រើសរើសសមាសភាព ការិយាល័យក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តកំពត-កែប សម្រាប់អាណត្តិ២ឆ្នាំ លើកទី២ នៃអាណត្តិ៦ឆ្នាំ លើកទី៤ ដែលបានរៀបចំនីតិវិធី នាពេលនេះ ក្នុងនោះមានបេក្ខជន ចូលរួមឈរឈ្មោះឲ្យបោះឆ្នោត មានចំនួន ១៩រូប និងត្រូវសម្រេចបោះឆ្នោតជ្រើសរើសយកសមាជិក ចំនួន៣រូប ប៉ុណ្ណោះដើម្បីជំនួសបំពេញបន្ថែមសម្រាប់អនុវត្តការងារ ដឹកនាំបន្តជំនួសបេក្ខជន ដែលត្រូវចាកចេញ៕