(តាកែវ-កំពត)៖ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ(Global Life Sharing) ដឹកនាំដោយលោក គីម ជុងណាម (Kim Jung-Nam) ប្រធានមូលនិធិ បាននាំយកអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ជំនួយមនុស្សធម៌ ដែលរួមមានដូចជា៖ ឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់សរុប ចំនួន ១០លានដុល្លារអាមេរិក ដែលអនុវត្តសម្រាប់រយៈពេល ៥ឆ្នាំ(២០២៥-២០៣០) ប្រគល់ជូនដល់រដ្ឋបាលខេត្តតាកែវ ដឹកនាំដោយលោក វ៉ី សំណាង អភិបាលខេត្តតាកែវ នៅសាលសាខេត្តតាកែវ និងប្រគល់ជូនរដ្ឋបាលខេត្តកំពត ដឹកនាំដោយ លោកបណ្ឌិត ម៉ៅ ធនិន  អភិបាលខេត្តកំពត នៅសាលាខេត្តកំពត។

ជាកិច្ចចាប់ផ្តើម ក្នុងពិធីប្រគល់-ទទួលអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ការផ្តល់ជំនួយមនុស្សធម៌ នាពេលនោះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា បាននាំយកប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ នៃខេត្ត តាកែវ និងខេត្តកំពត។

លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា អនុស្សរណៈនៃការផ្តល់ជំនួយមនុស្សធម៌ ដែលយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តតាកែវ និងខេត្តកំពត នាពេលនេះ គឺជាសមិទ្ធផលប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការទី១០ព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធា រ ណ- រដ្ឋកូរ៉េ ដើម្បីជួយលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរឡើង។

លោកប្រធានគណៈកម្មការ បានគូសរំលឹកថា កន្លងមក មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានផ្តល់ជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជាចំនួន ១០លើករួចមកហើយ ក្នុងទំហំទឹកប្រាក់ប្រមាណជា ១០លានដុល្លារ អាមេរិក ហើយព្រឹទ្ធសភា តាមរយៈគណៈកម្មការទី១០ បានយកនាំយកជំនួយមនុស្សធម៌ទៅប្រគល់ ជូនបន្តដល់មន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យជ័យវរ្ម័នទី៧ អាជ្ញាធរ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

តាងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តតាកែវ និងខេត្តកំពត អភិបាលខេត្តទាំងពីរ បានមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសគណៈកម្មការទី១០ ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក គីម ជុងណាម ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់សុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តតាកែវ និងខេត្តកំពត។

អភិបាលខេត្តទាំងពីរ បានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង និងបែងចែកអំណោយឱ្យដល់ដៃអាជ្ញាធរ ជាពិសេសប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល គឺពិតជាមានសារៈសំខាន់ ហើយត្រូវនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តតាកែវ និងខេត្តកំពត។ 

លោក គីម ជុងណាម បានមានប្រសាសន៍ថា មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណ-រដ្ឋកូរ៉េ ជាមូលនិធិមនុស្សធម៌ដែលបានជួយឧបត្ថម្ភ គាំទ្រ ជាឱសថ ឧបករណ៍វេជ្ជសាស្ត្រ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដល់បណ្តាប្រទេសជាច្រើនលើសកលលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ ដោយមើលឃើញអំពីប្រសិទ្ធភាព តម្លាភាព គណនេយ្យភាពរបស់ព្រឹទ្ធសភាកម្ពុជា ជាពិសេស តាមរយៈគណៈកម្មការទី១០ ព្រឹទ្ធសភាមូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានបង្កើនជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាជាបន្តបន្ទាប់ លើសពីនេះទៀត នៅឆ្នាំ២០២៤ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល បានចុះអនុស្សរណៈបន្ថែម ដើម្បីជួយឧបត្ថម្ភជាពិសេសដល់ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តកំពង់ស្ពឺ ក្នុងមួយខេត្តៗទទួលបានជំនួយក្នុងទំហំថវិកា ៥លានដុល្លារអាមេរិក សម្រាប់ការអនុវត្តរយៈពេល ៥ឆ្នាំ និងនៅឆ្នាំ២០២៥នេះ គឺឧបត្ថម្ភបន្ថែមដល់ខេត្តចំនួនពីរទៀត គឺខេត្តតាកែវ និងខេត្តកំពត។

លោកប្រធានមូលនិធិ បានសន្យានឹងខិតខំរៀបចំជំនួយផ្តល់ជូនដល់ព្រឹទ្ធសភាកម្ពុជា និងដល់បណ្តាខេត្តទាំងប្រាំមួយបានលឿនបំផុត ហើយនឹងខិតខំបង្កើនការជួយឧបត្ថម្ភដល់ខេត្តផ្សេងៗទៀត ជារៀងរាល់ឆ្នាំ ។

ក្រៅពីពិធីប្រគល់-ទទួលអនុស្សរណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌គណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញធ្វើទស្សនកិច្ចឈ្វេង យល់ អំពីសក្តានុពលកសិកម្មក្នុងខេត្តកំពត ជាពិសេសដំណាំផ្លែទុរេន សាវម៉ៅ និងម្ឃុត ដើម្បីជួយធ្វើការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ត ឱ្យបានកាន់តែទូលំទូលាយ។

សូមរំលឹកផងដែរ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០២៥គណៈប្រតិភូគណៈកម្មការទី១០ រួមជាមួយគណៈប្រតិភូមូលនិធិចែករំលែកសង្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញនាំយកអំណោ យជាសម្ភារសិក្សា និងថវិកាមួយចំនួនប្រគល់ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ស្ពឺ និងមណ្ឌលកុមារកំព្រាក្នុងក្តីសង្ឃឹមថ្មី ស្ថិតក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺផងដែរ៕