(ភ្នំពេញ)៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានលើកឡើងថា ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាមានចក្ខុវិស័យវែងឆ្ងាយណាស់ ចំពោះអនាគតប្រជាពលរដ្ឋ ដូច្នេះសូមរួមគ្នាជាធ្នុងមួយ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងការពារបូរណភាពទឹកដីពីចោរឈ្លានពានឲ្យបានដាច់ខាត។

ការលើកឡើងបែបនេះរបស់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានធ្វើឡើងនារសៀលថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីប្រកាសសាខាគណបក្ស ភ.ព៨, ភ.ព២៣, ភ.ព២៤, ភ.ព២៥ និងបញ្ចូល សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួន៥៧៧រូប នៅមន្ទីរគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។

ការប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំង៥៧៧រូបនេះ ធ្វើឡើងដោយយោងទៅតាមការស្នើសុំរបស់សាខាគណបក្ស ភ.ព៨, ភ.ព១១, ភ.ព១២, ភ.ព១៣, ភ.ព១៤, ភ.ព១៦, ភ.ព១៨, ភ.ព១៩, ភ.ព២១,ភ.ព២៣, ភ.ព២៤និងភ.ព២៥។

លោក ឃួង ស្រេង បានលើកឡើងថា សមាជិក សមាជិកាទាំង៥៧៧រូប ពិតជាមានសំណាងណាស់ ដែលត្រូវបានរប្រកាសបញ្ចូលជាសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចំថ្ងៃកំណើតរបស់គណបក្សប្រជាជនកម្ពុជា លើកទី៧៤។ គណបក្សប្រជាជនកម្ពុជា មានគុណបំណាច់ធំធេងណាស់ សំរាប់ជាតិមាតុភូមិ ដោយបានរំដោះប្រទេសជាតិចេញពីចំណុចសូន្យ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត បានធ្វើឲ្យប្រទេសជាតិ បានសន្តិភាពពេញផ្ទៃប្រទេស ជាមួយនិងការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ។

លោក ឃួង ស្រេង បានបន្តទៀតថា ក្នុងពេលប្រឈមមុខដាក់គ្នានៅតាមព្រំដែន រវាងកម្ពុជា និងថៃទើបយើងបានដឹង និងឃើញច្បាស់ ពីអ្នកស្នេហាជាតិពិតប្រាកដ នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនការពារព្រំដែនតែជាមួយការឈ្លានពានពីទាហានថៃនោះទេ គឺកម្ពុជាបានការពារគ្រប់ព្រំដែនជិតខាងទាំងអស់ ដោយមិនឲ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ។ សូមឲ្យសមាជិក
ម្នាក់ក្លាយជាសន្លឹកឆ្នោត១សន្លឹក របស់គណបក្សប្រជាជនកម្ពុជានៅពេលបោះឆ្នោត។

ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានបន្តទៀតថា ថ្នាក់ដឹកនាំរបស់យើងមានចក្ខុវិស័យវែងឆ្ងាយ ចំពោះអនាគត់ប្រជាពលរដ្ឋ ដូច្នេះសូមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាត្រូវរួមគ្នាជាធ្នុងមួយ ធ្វើដំណើរជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឲ្យកម្ពុជាសម្រេចបាននូវចក្ខុវិយ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ និងការពារដាច់ខាតការពារបូរណភាពទឹកដីឲ្យបានគង់វង្ស៕