(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក។ នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានី Rabat ប្រទេសម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Nasser Bourit រដ្ឋមន្ត្រីការបរទេស កិច្ចសហប្រតិបត្តិការអាហ្វ្រិក និងជនជាតិម៉ារ៉ុករស់នៅបរទេស នៃព្រះរាជាណាចក្រម៉ារ៉ុក។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវទំនាក់ទំនងយ៉ាងល្អរវាងអាស៊ាន និងម៉ារ៉ុក ព្រមទាំងបានពិភាក្សាជុំវិញសកម្មភាពនានាដែលត្រូវធ្វើដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើរថែមទៀត។ ភាគីទាំងពីរក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លាក្នុងការធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងម៉ារ៉ុកផងដែរ។

នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Abdeltif Loudyi រដ្ឋមន្ត្រីប្រតិភូអមប្រមុខរដ្ឋាភិបាលម៉ារុក ទទួលបន្ទុករដ្ឋបាលការពារជាតិ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញបញ្ហាសន្តិសុខ ការងារផ្នែកការពារជាតិរបស់អាស៊ាន ព្រមទាំងការចូលរួមនាពេលអនាគតដែលអាចធ្វើទៅបាន។

នៅរសៀលថ្ងៃអង្គារ ទី២៤ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានី Rabat ប្រទេសម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Ryad Mezzour រដ្ឋមន្ត្រីឧស្សាហកម្ម និងពាណិជ្ជកម្មម៉ារ៉ុក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារិះរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នៅក្រោមភាពជាដៃគូសន្ទនាតាមវិស័យរវាងអាស៊ាន និងម៉ារ៉ុក រួមទាំង ក្នុងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតង ជាដើម។

នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានី Rabat ប្រទេសម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោក Mohammed Mehdi Bensaid រដ្ឋមន្ត្រីយុវជន វប្បធម៌ និងទូរគមនាគមន៍របស់ម៉ារ៉ុក។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាជុំវិញការរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងវិស័យ ដូចជា ឧស្សាហកម្មច្នៃប្រឌិត និងបេតិកភណ្ឌវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន និងការអភិវឌ្ឍយុវជនជាដើម។

នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានី Rabat ប្រទេសម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Mohamed Saad Berrada រដ្ឋមន្ត្រីអប់រំជាតិ ការសិក្សាបង្រៀនក្មេងមិនទាន់គ្រប់អាយុចូលរៀន និងកីឡារបស់ម៉ារ៉ុក។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងអាស៊ាន-ម៉ារ៉ុក និងបានរិះរកវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងវិស័យអប់រំ ការអភិវឌ្ឍយុវជន និងកីឡា ដើម្បីជួយគាំទ្រដល់ភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ម៉ារ៉ុក។

លោកបណ្ឌិត កៅ គឹមហួន បានជួបធ្វើបាឋកថានៅវិទ្យាស្ថានបណ្តុះបណ្តាល ស្រាវជ្រាវ និងសិក្សាការទូតរបស់ម៉ារ៉ុក។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ក៏ដូចជា ការប្រឈម និងកាលានុវត្តភាពសម្រាប់ទំនាក់ទំនងអាស៊ាន ជាមួយម៉ារ៉ុក។

នៅក្នុងឱកាសនេះ ក៏មានការឆ្លើយឆ្លងសំណួរ-ចម្លើយ រវាងឯកឧត្តមបណ្ឌិត កៅ គឹមហួន ជាមួយអ្នកចូលរួម ជាពិសេស ពាក់ព័ន្ធនឹងការវិវត្តន៍ក្នុងតំបន់ និងសកលលោកដែលកំពុងលេចឡើងផងដែរ។

នៅរសៀលថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Redouane Arrach អគ្គលេខាធិការក្រសួងកសិកម្ម នេសាទ អភិវឌ្ឍន៍ជនបទ ទឹក និងរុក្ខាប្រមាញ់របស់ម៉ារ៉ុក។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើបញ្ហាសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យស្បៀង កសិកម្ម និងរុក្ខាប្រមាញ់ ដោយផ្តោតលើការដោះស្រាយការប្រឈមរួម ដូចជា ការបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាពជាដើម។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈជុំវិញវិធីបង្កើត និងអនុវត្តកម្មវិធីនានា ពាក់ព័ន្ធនឹងពាណិជ្ជកម្មផ្នែកកសិកម្ម ការបន្ថយការប្រើប្រាស់កាបោន ឌីជីថលនីយកម្ម និងការជំរុញភាពជាដៃគូរវាងរដ្ឋ និងឯកជនជាដើម។

នៅល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅរាជធានី Rabat ប្រទេសម៉ារ៉ុក លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញពិសាអាហារការងារជាមួយគណៈកម្មាធិការអាស៊ានប្រចាំរាជធានី Rabat ដែលរៀបចំដោយលោក Dato’ Shahabudeen Adam Shah ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំប្រទេសម៉ារ៉ុក និងជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំរាជធានី Rabat។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណគណៈកម្មាធិការសម្រាប់តួនាទីដ៏សកម្ម និងការចូលរួមចំណែកសំដៅលើកកម្ពស់មុខមាត់ ការយល់ដឹង និងការមើលឃើញឱ្យច្បាស់ពីអាស៊ាន នៅក្នុងប្រទេសម៉ារ៉ុក ព្រមទាំងពង្រឹងទំនាក់ទំនងអាស៊ាន-ម៉ារ៉ុក។

លោកបណ្ឌិត កៅ គឹមហួន ក៏បានជម្រាបជូនគណៈកម្មាធិការស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ជាពិសេស សេចក្តីសម្រេចរបស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡេស៊ី ដែលទើបបានបញ្ចប់ទៅកាលពីពេលថ្មីៗ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈជុំវិញមធ្យោបាយដើម្បីពង្រឹងភាពជាដៃគូសន្ទនាតាមវិស័យអាស៊ាន-ម៉ារ៉ុក បន្ថែមទៀតផងដែរ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបានជួបពិភាក្សាការងារជាមួយលោក Said Ibrahimi អគ្គនាយកទីក្រុងហិរញ្ញវត្ថុរបស់ Casablanca។

នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកពីវឌ្ឍនភាពរបស់អាស៊ាន ក្នុងការធ្វើសមាហរណកម្មផ្នែកហិរញ្ញវត្ថុ បរិយាប័្ននផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុប្រកបដោយចីរភាព ព្រមទាំងបានផ្លាស់ប្តូរទស្សនៈជុំវិញវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយម៉ារ៉ុក ក្នុងវិស័យហិរញ្ញវត្ថុ។

នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយតំណាងសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក (CGEM) ដឹកនាំដោយលោក Mehdi Tazi អនុប្រធាន CGEM។ កិច្ចប្រជុំបានស្វែងរកកាលានុវត្តភាព ដើម្បីពង្រឹងការតភ្ជាប់រវាងធុរកិច្ច និងធុរកិច្ច ពង្រឹងការជំរុញពាណិជ្ជកម្ម ព្រមទាំងបានពិភាក្សារិះរកវិធីដើម្បីប្រើប្រាស់សក្តានុពលទីផ្សារដែលមិនទាន់បានប្រើប្រាស់រវាងអាស៊ាន និងម៉ារ៉ុក។

នៅរសៀលថ្ងៃដដែល បណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ម៉ារ៉ុក Maghreb Arabe Presse អំពីសក្តានុពលនៃភាពជាដៃគូសន្ទាតាមវិស័យអាស៊ាន-ម៉ារ៉ុក ដែលរួមមាន វិស័យពាណិជ្ជកម្ម និងការវិនិយោគ ថាមពល និងការបម្រែបម្រួលអាកាសធាតុ ការអប់រំ និងយុវជន ទេសចរណ៍ និងវប្បធម៌ និងការតភ្ជាប់ជាដើម។

អគ្គលេខាធិការអាស៊ាន បានថ្លែងអំណរគុណចំពោះឱកាសដើម្បីបានរៀនសូត្រកាន់តែច្រើនពីគន្លងផ្លូវនៃការអភិវឌ្ឍជាតិរបស់ម៉ារ៉ុក ជាពិសេស តាមរយៈកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់ម៉ារ៉ុក។

លោកបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈជុំវិញវិធីដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ម៉ារ៉ុកបន្ថែមទៀត ជាពិសេស តាមរយៈការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរវប្បធម៌ និងផ្នែកសិក្សាធិការ ដោយសម្របសម្រួលការចូលរួមផ្នែកវិស័យឯកជន និងបង្កើតទំនាក់ទំនងស្ថាប័ន៕