(កំពង់ឆ្នាំង)៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យសកម្មភាពនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ នៅតាមបណ្តាឃុំ សង្កាត់មួយចំនួនក្នុងខេត្តកំពង់ឆ្នាំង។

លោក ជឺ ចំណាន បានមានប្រសាសន៍ថា នៅថ្ងៃនេះ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត នៅតាមឃុំ សង្កាត់ទូទាំងប្រទេស ហើយការបិទផ្សាយនេះ មានគោលបំណងអញ្ជើញប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទៅពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត។

លោកអនុប្រធាន គ.ជ.ប បានបន្ថែមទៀតថា យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ជនណាក៏ដោយ មានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ ឬត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងក្រោយ។

ពាក្យបណ្តឹងអាចធ្វើឡើងជា ពាក្យបណ្ដឹងតវ៉ា អំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនត្រឹមត្រូវនូវទិន្នន័យពាក់ព័ន្ធ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ ឬ/និងជា ពាក្យបណ្ដឹងជំទាស់ ចំពោះបុគ្គលណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

ជាចុងក្រោយ លោក​ ជឺ ចំណាន ក៏បានគូសបញ្ជាក់ដែរថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ក៏មានបង្ហោះផ្សាយតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ផងដែរ៕