(ព្រះវិហារ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំពាវពាវលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសខ្លួន ចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ សូមប្រកាន់ខ្ជួននូវអនាម័យ ហូបស្អាត ពិសាទឹកស្អាត ឬទឹកដាំឆ្អិន អាហារស្អាត រស់នៅស្អាត ដើម្បីបង្ការពីជំងឺឆ្លងនានា ពិសេសត្រូវសម្រាន្តក្នុងមុងជ្រលក់ថ្នាំ ការពារពីជំងឺគ្រុនឈាម។
លើសពីនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋនៅទីនោះ បើករណីមានបញ្ហាសុខភាព សូមប្រញាប់ទៅពិនិត្យសុខភាពនៅស្តង់ប្រចាំការ២៤ម៉ោងរបស់មន្រ្តីសុខាភិបាលដែលនៅទីនោះស្រាប់។ ទន្ទឹមនឹងនោះសូមប្រុងប្រយ័ត្នខ្ពស់ចំពោះស្រ្តីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងពិសេសកុមារពីលង់ទឹកជាដើម។
ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឳកាសចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រួសារប្រជាពលរដ្ឋរស់តាមស្តង់ជម្លៀសនៅក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ នៅល្ងាចនៅថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ បន្ទាប់ពីចែកអំណោយសម្រាលការលំបាកដល់ប្រជាពលរដ្ឋចំនួន ១៧៣២គ្រួសារ (គ្រួសារចូលថ្មី ៥៣២គ្រួសារ) ដែលនៅក្នុងមួយគ្រួសារទទួលបានឃីតមួយកញ្ចប់ (មានមុង១ ភួយ១ ខ្នើយ១ កន្ទេល១ សារ៉ុង១ និងក្រម៉ា១) ចំពោះគ្រួសារចូលថ្មី ទទួលបាន២កញ្ចប់ឃីតក្នុងមួយគ្រួសារ សរុបទាំងអស់ស្មើនឹង ២២៦៤កញ្ចប់(ឃីត)។
ឆ្លៀតក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជម្លៀសមកស្នាក់នៅបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម លោកសាស្ត្រាចារ្យ រដ្ឋមន្ត្រីសុខាភិបាល បានរួមដំណើរដោយលោកអភិបាលនៃគណ:អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះសួរសុខទុក្ខ ជាមួយមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលប្រចាំការនៅស្តង់សង្គ្រោះបឋម នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើមផងដែរ។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការសប្បាយរីករាយជាខ្លាំងដែលបានឃើញបងប្អូនប្រជាពលរដ្ឋមានការជឿជាក់ លើការបម្រើសេវាព្យាបាលរបស់មន្រ្តី និងបុគ្គលិកសុខាភិបាល ដែលបម្រើការងារនៅទីនោះ ។
ជាមួយគ្នានោះលោកសាស្រ្តាចារ្យ បានណែនាំដល់ក្រុមគ្រូពេទ្យ បន្តយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងស្មារតីក្រមសីលធម៌វិជ្ជាជីវៈបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារជាពិសេសស្រ្តីមានផ្ទៃពោះ ចាស់ជរា ជនពិការ និងកុមារ។ ជាងនេះទៅទៀតលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្នើរដល់មន្ទីរសុខាភិបាលខេត្ត បន្តពិនិត្យពីបញ្ហាសុខភាពសាធារណៈជាប់ជាប្រចាំ ដោយត្រូវបាញ់ថ្នាំសម្លាប់មូស លើកកម្ពស់ការអប់រំសុខភាព ជាពិសេសលើជំងឺឆ្លងនានា ធានាយ៉ាងណាលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។
សូមជម្រាបថា ក្នុងឳកាសចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋខាងលើ និងស្តង់សុខភាពខាងលើ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីរូបនេះ ក៏មិនបានបញ្ឈប់ដំណើរត្រឹមនេះដែរ គឺបានបន្តដំណើរទៅកាន់មណ្ឌលសុខភាពត្បែងមានជ័យ ដើម្បីផ្តល់សម្ភារៈពេទ្យចាំបាច់ជូនដល់មណ្ឌលសុខភាពបម្រើសេវាដល់ប្រជាពលរដ្ឋ។
បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាលខាងលើ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានបន្តដំណើរទាំងយប់បន្តចុះទៅមន្ទីរពេទ្យបង្អែក ១៦មករា ដើម្បីពិនិត្យ និងស្វែងយល់ពីតម្រូវការចាំបាច់និងជាក់ស្តែងចំពោះមុខសម្រាប់មន្ទីរពេទ្យ ពិសេសកំឡុងមានបញ្ហាប្រឈមនៅព្រំដែនកម្ពុជា-ថៃ។
លោកសាស្ត្រាចារ្យក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកសុខាភិបាល តម្កល់ការយកចិត្តទុកដាក់ខ្ពស់ លើការថែរក្សាហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ឥរិយាបថសុជីវធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ភាពរួសរាយរាក់ទាក់ វិន័យការងារ ជាមួយជំហរទំនួលខុសត្រូវ រក្សាភាពជឿជាក់ពីប្រជាពលរដ្ឋ។
បន្ថែមពីនេះលោកសាស្រ្តាចារ្យ បានណែនាំឱ្យមន្រ្តីសុខាភិបាល បង្កើនការថែរក្សាទុកដាក់ឱសថ វ៉ាក់សាំង សម្ភារៈបរិក្ខារពេទ្យឱ្យបានគត់មុតត្រឹមត្រូវ និងកាន់តែព្យាយាមបង្កើនសកម្មភាពបម្រើការពិនិត្យនិងព្យាបាលជាប់ជាប្រចាំ ត្រៀមទទួលបងប្អូនអ្នកជំងឺ ក៏ដូចជាបងប្អូនដែលមកទទួលសេវាសុខភាពក្នុងមណ្ឌលសុខភាព និងមន្ទីរពេទ្យខេត្ត៕