(ព្រះសីហនុ)៖ ក្រសួងបរិស្ថាន តាមរយៈលិខិតលេខ ៤៨២២/០៦២៥ បស្ថ.អគព ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ បានតម្រូវឱ្យក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd ផ្អាកសកម្មភាពផលិតកម្ម រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន។ ក្រុមការងារក្រសួងបរិស្ថាន ដោយមានការចូលរួមពីអភិបាលស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមហ៊ុននេះ ដែលធ្វើការកែច្នៃស្បែកគោ មានទីតាំងនៅក្នុងភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
កន្លងមក ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd បានបង្ហូរសំណល់រាវ ចូលប្រភពទឹកសាធារណៈច្រើនលើក។ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងធ្វើការផាកពិន័យរោងចក្រម្តងហើយ។ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី២។
ក្រោយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រោងចក្រនៅតែបង្ហូរសំណល់រាវចូលទៅក្នុងព្រែកទៀត មន្ទីរបរិស្ថានខេត្តព្រះសីហនុ បានចេញលិខិតបញ្ជាឱ្យកែប្រែ និងផាកពិន័យរោងចក្រជាលើកទី៣។ ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd. នៅថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបានរកឃើញ ថាបានបង្កការបំពុលព្រែកកំពង់ស្មាច់ និងប្រព័ន្ធទឹកពាក់ព័ន្ធ ដែលមានទៅតាំងនៅកបែរក្រុមហ៊ុន។ សម្រាប់ករណីបំពុលនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការបន្ទាន់ តាមរយៈលិខិតលេខ ៨៩៥០/១២២៤ ប.ស្ថ/អគព ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្រេចឱ្យ ផ្អាកសកម្មភាពផលិតកម្ម លើការបញ្ចេញសំណល់រាវចេញក្រៅ និងត្រូវបានពិន័យអន្តរការណ៍ និង ការផ្ដល់សំណងការខូចខាតបរិស្ថាន។
រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឃើញមានការបង្ហូរទឹកកខ្វក់ចូលព្រែកម្តងទៀត បន្ទាប់មកនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្រុមការងារក្រសួងបរិស្ថាន បានចុះពិនិត្យទីតាំងជាក់ស្តែង បន្ថែមទៀត បន្ទាប់ពីថ្មីៗកន្លងមកមកនេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ បានរាយការណ៍ថា ក្រុមហ៊ុន មិនបានអនុវត្តតាមវិធានការច្បាប់ ដែលបានដាក់ចេញកន្លងមកនោះទេ និងនៅតែបន្តបង្ហូរសំណល់រាវ មិនបានឆ្លងកាត់ការធ្វើប្រព្រឹត្តកម្ម សម្អាតត្រឹមត្រូវ និង បង្ករឱ្យមានការបំពុលតំបន់ទឹកព្រែកកំពង់ស្មាច់។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co., Ltd ដែលមិនបានអនុវត្តច្បាប់និងបន្តបញ្ចេញសំណល់រាវ ប៉ះពាល់ព្រែកកំពង់ស្មាច់ និងព្រែកផ្អាវ នៅក្នុងឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រុមការងារក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានប្រគល់លិខិតស្តីពីការផ្អាកដំណើរការផលិតកម្មរបស់ក្រុមហ៊ុនទាំង២ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ជូនទៅម្ចាស់និងតំណាងក្រុមហ៊ុន ដោយមានការចូលរួមពីអភិបាលរងស្រុកព្រៃនប់ លោកមេឃុំ ទឹកល្អក់ លោកមេឃុំ ទឹកថ្លា លោកមេឃុំ សាមគ្គី និងតំណាងប្រជាពលរដ្ឋរងផលប៉ះពាល់។
នៅពេលនេះ ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltdនេះ រហូតដល់មានការកែតម្រូវតាមច្បាប់ និងគោលការណ៍ដែលមានជាធរមាន ក្នុងនោះមាត្រា១៥៦ មាត្រា២៨៧ មាត្រា២៨៩ មាត្រា២៩០ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក និងមាត្រា៤ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលមាត្រា៤ មាត្រា៩ មាត្រ១១ មាត្រា១៧ និងតារាងឧបសម្ព័ន្ធ២ ឧបសម្ព័ន្ធ៣ ឧបសម្ព័ន្ធ៤ ឧបសម្ព័ន្ធ៥ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹកសាធារណៈ និងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ៥៩០ សជណ. ដប ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ និងយោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនត្រូវទទួលរងពិន័យអន្តរការណ៍ ត្រូវផ្តល់សំណងផលប៉ះពាល់ ត្រូវស្តារការខូចខាតបរិស្ថានឡើងវិញ និងអនុវត្តតាមវិធានការបច្ចេកទេស ដែលបានលកំណត់តាមច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ក្នុងករណីក្រុមហ៊ុនមិនបានអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាននឹងមានចំណាត់ការបិទក្រុមហ៊ុនតាមច្បាប់ និងគោលការណ៍ជាធរមាន៕