(សៀមរាប)៖ លោកបណ្ឌិត សឹង សំណាង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកសូទ្រនិគម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៥) នៅស្រុកសូទ្រនិគម។
ពិធីនេះមានការចូលរួមពីលោក លោកស្រី សមាជិក សមាជិកា សិស្ស និសិ្សត យុវជន ចូលរួមយ៉ាងច្រើនកុះករ ដែលធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម។
កិច្ចចាប់ផ្តើមនៃអង្គមីទ្ទីងលោក គឹម វណ្ណៈ ប្រធានគណៈកម្មាធិការគណបក្សស្រុកសូទ្រនិគម បានអញ្ជើញអានមតិស្វាគមន៍ និងរបាយការណ៍ស្ដីពីសមិទ្ធផលនានាដែលគណបក្សស្រុកសូត្រនិគម បានសម្រេចជោគជ័យល្អប្រសើរក្រោមបរិយាកាសសុខសន្តិភាព។
លោកបណ្ឌិត សឹង សំណាង បានអញ្ជើញអានសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។បន្ទាប់មក លោកបណ្ឌិត សឹង សំណាង បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយតែមួយមានភាពចាស់ទុំ និងមានគោលនយោបាយជាក់លាក់ ដែលជាគ្រិះដ៏រឹងមាំសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងដំណើរកសាង និងអភិវឌ្ឍន៍ប្រទេស។
លោកបណ្ឌិតបានរម្លឹកឡើងវិញពីប្រភពកើតចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជាប្រឆាំងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវដ៏វែង រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសុខសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ។ រយៈពេល ៧៤ឆ្នាំកន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការជាតិនិងសភាពការអន្តរជាតិយ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជាបានស្ថិតនៅរួមសុខរួមទុក្ខ ជាមួយប្រជាជននៅគ្រប់កាលៈទេសៈ រាប់តាំងពីឆ្នាំ ១៩៧០-១៩៧៥ គណបក្សបានបន្តធ្វើការតស៊ូដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស។
លោកបណ្ឌិតថា នៅពេលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្ដួលរំលំរបបវាលពិឃាដរ ហូតទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ សរុបមកវិញក្នុងនាមជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន គណបក្សបានប្រកាន់ខ្ជាប់គោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជនរួមសុខទុក្ខជាមួយប្រជាជនពុះពារ គ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរាដើម្បីប្រទេសជាតិ។
លោកបណ្ឌិត សឹង សំណាង បានអំពាវនាវដល់សមាជិក សមាជិកា បងប្អូនជនរួមជាតិគ្រប់ស្រទាប់ សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការកសាងគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឲ្យសម្រេចបានសមិទ្ធផលធំៗថែថែមទៀត។
លោកបណ្ឌិតសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តតទុកដាក់បំពេញភារកិច្ចពីសំណាក់ថ្នាក់ដឹកនាំក្រុមការ
ងារ និងថ្នាក់ដឹកនាំគណបក្ស និងអាជ្ញាធរមូលដ្ឋានស្រុកសូទ្រនិគមដែលបានចូលរួមយ៉ាងផុសៗក្នុងការផ្សព្វផ្សាយ និងបញ្ច្រាបគោលនយោបាយគណបក្សទៅដល់ប្រជាជនគ្រប់មជ្ឈដ្ឋានឲ្យយល់ដឹងរហូតទទួលបានការគាំទ្រឃុំសង្កាត់សម្រាប់អាណិតទី៥ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ បន្តទៀត។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះការដឹកនាំប្រកបដោយជោគជ័យដែលគណបក្សប្រជាជនកម្ពុជាទទួលបានកន្លងមកនេះមានចំណុចបីធំៗក្នុងនោះភាពរឹងមាំ និងភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលមានតាំងពីដើមរៀងមករហូតមកដល់ពេលបច្ចុប្បន្ន និងទៅអនាគត គ្មានគណបក្សណាអាចមកជំនួសបាន គឺការ ធានាភាពសុកដុមសន្តិសុខសង្គម និងធានាដល់អភិវឌ្ឍន៍សង្គម ព្រមជាមួយការធានាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ថា គណបក្សមានគោលនយោបាយត្រឹមត្រូវក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ មួយវិញទៀតកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា មានភាពទូលំទូលាយមិនត្រឹមតែស្ថិតនៅក្នុងគណបក្សប៉ុណ្ណោះទេ ពោលគឺសាមគ្គីភាពក្នុងសង្គមជាតិទាំងមូលតែម្ដង៕