(ព្រះសីហនុ)៖ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញនគរបាលក្រុងតាខ្មៅ បង្ក្រាបអំពើលួចម៉ូតូ និងចាប់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាលួចម៉ូតូនៅចំណុចផ្ទះសំណាក់ អ័រគីដេរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងមាត់ពីសំណាក់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់ឲ្យកម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់លើករណីខាងលើនេះ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ករណីខាងលើនេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នៅវេលាម៉ោង៤៖០០នាទី ដោយជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពីផ្ទះសំណាក់ អ័រគីដេរ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ក្នុងប្រតិបត្តិការនេះទៀតសោត កម្លាំងសមត្ថកិច្ចជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញនគរបាលក្រុងតាខ្មៅ បើកាករស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផេងផា ដារ៉ាដុង ហៅត្រា ភេទប្រុស កើតឆ្នាំ ២០០៧ ព្រមទាំងប្រមូលបានម៉ូតូ និងវត្ថុតាងមួយចំនួនទៀតផងដែរក្នុងនោះរួមមាន៖ ម៉ូតូ HONDA DREAM C125 (ផលនៃអំពើលួច), ទូរស័ព្ទ OPPO ១គ្រឿង, កាបូប និងឧបករណ៍ប្រើសម្រាប់សកម្មភាពលួចមួយចំនួនទៀត។
បច្ចុប្បន្ន សម្ភារ និងម៉ូតូត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ រីឯជនសង្ស័យបានបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមផ្លូវច្បាប់៕