(កណ្ដាល)៖ ក្រោមការយកចិត្តទុកដាក់ និងដឹកនាំផ្ទាល់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរដ្ឋបាលខេត្តកណ្តាល ដែលមាន លោក គួច ចំរើន ជាអភិបាលខេត្តកណ្តាល អាជ្ញាធរពាក់ព័ន្ធទាំងអស់ បានយកចិត្តទុកដាក់ស្វែងរកការងារ និងគិតគូពីជីវភាពប្រចាំថ្ងៃ ចំពោះប្រជាពលរដ្ឋដែលទើបវិលត្រលប់មកពីប្រទេសថៃវិញ គឺមិនឲ្យពិបាក ឬខ្វះខាតមិនបានការងារឡើយ។
ជាក់ស្ដែង កាលពីសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្កណ្តាល អមដំណើរដោយលោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានចុះសួរសុខទុក្ខពលករមកពីប្រទេសថៃ ក្នុងមូលដ្ឋានក្រុងអរិយក្សត្រ ចំនួន ០១គ្រួសារ មានសមាជិក ០៤នាក់ ដោយនាំយកអំណោយ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយជីវភាពផងដែរ។
លោក ចាន់ តារា អភិបាលក្រុង បានឲ្យដឹងថា ចំពោះប្អូនស្រីដែលវិលត្រលប់មកពីប្រទេសថៃវិញនេះ ក្រុមការងារបានរៀបចំធ្វេីប័ណ្ណសមធម៌ និងចាត់ចែងរកការងារជូនប្អូនផងដែរ ចំណែកកូនរបស់ប្អូនស្រីដែលមានអាយុ ៤ឆ្នាំ ក្រុមការងារបានទំនាក់ទំនងជាមួយសាលាមត្តេយ្យសហគមន៍ ដេីម្បីបានចូលសិក្សារៀនសូត្រ នៅក្នុងសង្កាត់ព្រែកអំពិល។
កាយវិការនេះ ប្អូនស្រីជាពលករ បានសំដែងការសប្បាយរីករាយ ត្រេកអរជាពន់ពេក និងកក់ក្ដៅបំផុត ដែលទទួលបានការយកចិត្តពីសំណាក់លោកអភិបាលក្រុងអរិយក្សត្រ និងអាជ្ញាធរថ្នាក់លើ៕