(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញករណីជំងឺផ្តាសាយបក្សី ២ករណីបន្ថែម។

ក្រសួងសុខាភិបាលបានឱ្យដឹងថា តាមការចុះអង្កេតស្រាវជ្រាវសកម្ម ដើម្បីស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ នៅភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្ត សៀមរាប ជាភូមិកើតហេតុនៃស្ត្រីអាយុ៤១ឆ្នាំ មានវិជ្ជមានជំងឺផ្តាសាយបក្សី ដែលបានចេញផ្សាយព័ត៌មានកាល ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញមានអ្នកជំងឺផ្តាសាយបក្សីចំនួន ០២ករណីថែមទៀត កើតលើស្ត្រី អាយុ ៤៦ឆ្នាំ និងក្មេងប្រុសអាយុ១៦ឆ្នាំ ដែលត្រូវជាម្តាយនិងកូន និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

នេះជាករណីទី៩និងទី១០ សម្រាប់ឆ្នាំ ២០២៥។ ករណីទាំងពីរនេះ មានទីលំនៅចំងាយប្រមាណ២០ម៉ែត្រពីផ្ទះអ្នកជំងឺអាយុ៤១ឆ្នាំ។ បច្ចុប្បន្នស្ថានភាព សុខភាព ករណីអ្នកជំងឺទាំងពីរ ស្ថិតក្នុងស្ថេរភាព និងកំពុងត្រូវបានព្យាបាលដោយឱសថតាមីហ្គូ (Tamiflu) ជាមួយការតាមដានបន្តដោយយកចិត្តទុកដាក់។ តាមការសាកសួរបង្ហាញថា នៅផ្ទះអ្នកជំងឺ ផ្ទះអ្នកជិតខាង និងនៅ ក្នុងភូមិ មានមាន់ទាឈឺនិងងាប់ អ្នកជំងឺបានកាន់និងប៉ះពាល់មាន់ឈឺនិងងាប់ រួចយកមកធ្វើម្ហូបទទួលទាន។

ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការ ជាមួយក្រុមការងារនៃមន្ទីរកសិកម្មខេត្តនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្ម លើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេស ស្វែងរក ប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ ដើម្បីទប់ស្កាត់ការឆ្លងបន្តក្នុង សហគមន៍ ព្រមទាំងចែកជូនឱសថតាមឺហ្គូ(Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាព ប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។

ក្រសួងសុខាភិបាល សូមក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្ត ទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាពប្រជាពលរដ្ឋយើង ហើយក៏សូមជម្រាបដល់បងប្អូន ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហូរសំបោរ ឬ ពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬងាប់ក្នុងអំឡុង១៤ថ្ងៃមុនថ្ងៃចាប់ផ្តើម មានរោគសញ្ញា សូមកុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន និងត្រូវស្វែងរកការពិគ្រោះយោបល់ និងការ ពិនិត្យព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតជាបន្ទាន់ ចៀសវាងការពន្យារពេល ធ្វើឱ្យប្រឈមនឹង ហានិភ័យខ្ពស់នៃការស្លាប់ជាយថាហេតុ៕