(ភ្នំពេញ)៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញមកច្រានចោលព័ត៌មានដែលផ្សាយដោយកាសែត The Nation Thailand ថា ជនជាតិខ្មែរម្នាក់ និងជនជាតិមីយ៉ាន់ម៉ា ៧នាក់ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន នៅថ្ងៃទី២៨ ខែមិថុនាម្សិលមិញ។
មន្ដ្រីជាន់ខ្ពស់កម្ពុជា បានអះអាងថា អាជ្ញាធរថៃពិតជាបានឃាត់សួរនាំ មនុស្ស៨នាក់ ក្នុងនោះខ្មែរម្នាក់ប្រាកដមែន ដើម្បីពិនិត្យរកឯកសាររស់នៅ និងធ្វើការនៅប្រទេសថៃ។
ប៉ុន្ដែក្រោយពីការសួរនាំមនុស្សទាំង៨នោះ ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរធម្មតាវិញ បន្ទាប់ពីរកឃើញថា ពួកគេបានចូលមកប្រទេសថៃដោយស្របច្បាប់ និងធ្វើការដោយស្របច្បាប់។
មន្ដ្រីដដែលបានសង្កត់ធ្ងន់ទៀតថា ពួកគេមិនពាក់ព័ន្ធនឹងការប្រមូលផ្តុំធ្វើបាតុកម្មនៅវិមានអនុស្សាវរីយ៍ជ័យជម្នះរបស់ប្រទេសថៃទេ៕