(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋលេខាធិការ គង់ ច័ន្ទវាសនា លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីកសិកម្មឃុំ-សង្កាត់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងជំនួបសំណេះសំណាលនេះ លោករដ្ឋមន្ត្រី បានលេីកឡេីងពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំទូទាំងប្រទេស និងការរៀបចំសហគមន៍កសិកម្មទំនេីប ដេីម្បីជួយគាំទ្របច្ចេកទេស ផលិតកម្ម ទីផ្សារ និងសេដ្ឋកិច្ច ស្របតាមទស្សនទាន "មានហូប មានប្រេី មានបាន និងមានរហូត"។
ទាក់ទងនឹងតួនាទីភារកិច្ច មន្ត្រីកសិកម្មឃុំ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យប្អូនៗសហការស្នេីសុំការគាំទ្រពីអ្នកជំនាញក្នុងករណីចាំបាច់ តាមលេខ ១២៨៩ ព្រមទាំងពិនិត្យវាយតម្លៃស្ថានភាពឱ្យបានច្បាស់លាស់ ដោះស្រាយបញ្ហាឱ្យចំគោលដៅ កាត់បន្ថយថ្លៃដេីមផលិត និងជំរុញកសិករផ្សារភ្ជាប់នឹង សហគមន៍កសិកម្មទំនេីប ដែលអាចឱ្យក្រសួងកសិកម្ម មានលទ្ធភាពជួយគាំទ្រឱ្យកសិករទទួលផលចំណេញសេដ្ឋកិច្ច និងលេីកកម្ពស់ជីវភាព៕