(កំពង់ចាម)៖ នៅក្នុងពិធីប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៤ នៃថ្ងៃបង្កើតគណ:បក្សប្រជាជនកម្ពុជា នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៥នេះ បក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម បានប្រកាសបញ្ចូលសមាជិក សមាជិកា ថ្មី ចំនួន ៣ ៥១០ នាក់ នៅស្រុកស្រីសន្ធរ។
ពិធីនេះ ប្រព្រឹត្តទៅ នៅបរិវេណមុខសាលាស្រុកស្រីសន្ធរ ក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម លោក ខ្លូត ផង ប្រធានគណបក្សប្រជាជនខេត្ត និង លោក លូ គឹមឈន់ ប្រជុំក្រុមការងារចុះជួយស្រុកស្រីសន្ធរ ដែលមានសមាជិកសមាជិកាបក្សចូលរួមប្រមាណជាង ២ ០០០ នាក់។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនខេត្តកំពង់ចាម បានយកឱកាសនោះ ថ្លែងកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារចុះជួយស្រុកស្រីសន្ធរ ដែលមានលោក លូ គឹមឈន់ ជាប្រធាន បានដឹកនាំគៀងគរនូវកម្លាំង ព្រមទាំងធនធាន និងមធ្យោបាយនានា ដើម្បីធានានូវការងារគណបក្ស ក្នុងស្រុកស្រីសន្ធរ មានភាពរឹងមាំ ដោយមានការឆ្លងកាត់ឧបសគ្គជាច្រើនណាស់ទម្រាំមានថ្ងៃនេះ ពោលគឺ ចាប់តាំងពីផ្លូវលំបាក រហូតដល់បច្ចុប្បន្ន មានផ្លូវបេតុង ស្រួលធ្វើដំណើរ និងរហូតដល់យើងអាចកសាងកម្លាំងបានរឹងមាំ ដែលជាកម្លាំងមួយពិត ហើយបាននាំមកនូវជ័យជំនះក្នុងការបោះឆ្នោតចុងក្រោយ ៣ដងជាប់គ្នា ដែលជាការបោះឆ្នោតសកល ក្នុងនោះគឺ ឆ្នាំ២០១៨ និងឆ្នាំ២០២២ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងលើកទី៣ គឺឆ្នាំ២០២៣ ដែលជាការបោះឆ្នោតជ្រើសតាំងសមាជិកសភា ឈានរហូតដល់បង្កើតរដ្ឋាភិបាលដែលដឹកនាំដោយ យុវជនបន្តវេន គឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ថ្ងៃនេះត្រូវបានប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី គណបក្សប្រជាជនកម្ពុជាជាង ៣ ០០០ នាក់ ប៉ុន្តែថ្នាក់ដឹកនាំមិនបានអញ្ជើញពួកគាត់មកចូលរួមទាំងអស់គ្នានោះទេ ដោយទុក្ខឲ្យពួកគាត់មួយចំនួនតូច នៅធ្វើកិច្ចការបង្កបង្កើនផល ដោយសារពេលនេះជាដើមរដូវវស្សា ។ ដូច្នេះទុកឱកាសនោះឲ្យថ្នាក់ដឹកនាំគណបក្សឃុំ ធ្វើការបន្តក្នុងការប្រគល់ឯកសារជូនពួកគាត់ និងពន្យល់ពួកគាត់ឲ្យបានយល់អំពីលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស ។
លោក អ៊ុន ចាន់ដា ក៏បានយកឱកាសនោះថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សទាំងចាស់ទាំងថ្មី ដែលបាននាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅ៕