(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនអគតិដែលបានយករូបវីដេអូនៃការសំណេះសំណាលរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាមួយមន្ត្រីរាជការខេត្តព្រះវិហារ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ទៅកាត់តជាមួយសំឡេងក្លែងបន្លំដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

ការបង្កើតវីដេអូក្លែងបន្លំបែបនេះ ជាការបង្កើតព័ត៌មានមិនពិត និងជាអំពើទុច្ចរិតដែលមិនគួរអនុញ្ញាតឱ្យកើតមាន លើបណ្ដាញសង្គមឌីជីលគ្រប់ប្រភេទ ហើយជនបង្កត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

កន្លងមក ក.ប.ទ. ធ្លាប់បានជូនដំណឹងឱ្យសាធារណជនទាំងអស់ ប្រុងប្រយ័ត្នអំពីករណីឆបោកដោយប្រើប្រាស់បញ្ញាសិប្បនិម្មិតក្លែងបន្លំជាសំឡេង សមាជិកក្រុមគ្រួសារឬមិត្តភក្ដិ។ ដូចគ្នានេះ ក.ប.ទ. សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវីដេអូ សំឡេង និងរូបភាពទាំងឡាយដែលមានសភាពខុសប្រក្រតី ហើយត្រូវផ្ទៀងផ្ទាត់ដំណឹងដែលទទួលបានជាមួយនឹងប្រភពផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងស្ថាប័នសារព័ត៌មានផ្លូវការ។

ទន្ទឹមនេះ ក.ប.ទ. សូមអំពាវនាវដល់គ្រប់ថ្នាលទំនាក់ទំនងឌីជីថល និងអ្នកបង្កើតមាតិកាឌីជីថល ចូលរួមលុបបំបាត់វីដេអូក្លែងបន្លំនេះ និងគ្រប់ព័ត៌មានក្លែងក្លាយ និងចាត់វិធានការម៉ឺងម៉ាត់ចំពោះជនដែលបានប្រព្រឹត្ត៕