(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) នៅរាជធានីភ្នំពេញ ឥឡូវល្បីល្បាញខ្លាំងណាស់ ផ្អើលពេញពិភពលោក រហូតដឹងដល់ក្រុមតន្ត្រីកងទព័ជើងអាកាសសហរដ្ឋអាមេរិក បានមកប្រគុំតន្រ្តីទៀតផង។
រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យក្រុមតន្ត្រីទ័ពអាកាសអាមេរិកប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) តបតាមការស្នើរសុំរបស់ក្រុមតន្ត្រីកងទ័ពជើងអាកាសសហរដ្ឋអាមេរិក សុំរៀបចំការប្រគុំតន្ត្រីនៅផ្លូវថ្មើរជើង (Walk Street) ដែលធ្វើឡើង នៅយប់ថ្ងៃអាទិត្យទី២៩ ខែមិថុនា ឆ្នាំ២០២៥ នៅចំណុចមុខវត្តឧណ្ណាឡោម នៃផ្លូវថ្មើរជើងរាជធានីភ្នំពេញ។
លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះ បានឱ្យដឹងថា ស្របពេលដំណើរទស្សនកិច្ច ចន្លោះពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមតន្ត្រីកងទព័អាកាសប្រចាំតំបន់ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានស្នើសុំរៀបចំការប្រគុំតន្ត្រី នៅផ្លូវថ្មើរជើង (Walk Street) នារាជធានីភ្នំពេញ ក្នុងន័យចូលរួមអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃចំណងការទូត ប្រទេសទាំងពីរ (កម្ពុជា-អាមេរិក) រួមទាំងធ្វើការងារមនុស្សធម៌ នៅតាមសាលារៀន និងសហគមន៍នានា នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ។
នេះជាលើកទីដំបូងហើយដែលផ្លូវថ្មើរជើង (Walk Street) ទទួលបានការចាប់អារម្មណ៍ ពីកងទ័ពជើងអាកាសរបស់សហរដ្ឋអាមេរិក ស្របពេលដែលផ្លូវថ្មើរជើង (Walk Street) កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំង ក្នុង និងក្រៅប្រទេស ដោយមានការផ្តួចផ្តើមបង្កើតឡើងដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ផ្លូវថ្មើរជើង ត្រូវបានគ្រោងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២១ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវបណ្ឌិត តែត្រូវបានលើកពេលវិញ ក្រោយពីដាក់ឲ្យដំណើរការសាកល្បង អស់រយៈពេលជាង៥ខែកន្លងមក ដោយដំណើរការ ២ថ្ងៃ ក្នុងមួយសប្តាហ៍ គឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។
គណៈអភិបាលរាជធានីភ្នំពេញ តែងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងបរិស្ថាន នៅតាមបណ្តោយផ្លូវថ្មើរជើង រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ការរៀបចំជាស្តង់លក់ដូរម្ហូបអាហារ នំចំណី ក៏ដូចសំភារះប្រើប្រាស់ផ្សេងៗ។
លោក ឃួង ស្រេង តែងបានណែនាំដល់អាជ្ញាធរដែនដីពាក់ពន្ធ័ កំលាំងមានសមត្ថកិច្ចត្រូវតែ ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អ និងមានអនាម័យស្អាតជានិច្ច ដែលវានឹងទាក់ទាញភ្ញៀវទេសចជាតិ-អន្តរជាតិ មកលេងកំសាន្តកាន់ច្រើនដូចប្រជាពលរដ្ឋបានលើកឡើងថា ផ្លូវថ្មើរជើងមាត់ទន្លេ មានមនុស្សមកលេងកាន់តែច្រើនឡើងៗ ដែលប្រៀបបាននឹងបុណ្យអុំទូករៀងរាល់ចុងសប្តាហ៍ ៕