(កំពង់ស្ពឺ)៖ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សក្នុងខែមិថុនា នៅមន្ទីរគណបក្សខេត្ត។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយមូលដ្ឋានខេត្ត ក្រុង ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ជាច្រើនរូប។
នាឱកាសនោះ លោក ហ៊ុន ម៉ានី បាន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងគណបក្សគ្រប់ថ្នាក់ ជាពិសេសគណៈកម្មាធិការគណបក្សឃុំ សង្កាត់ និងគណៈកម្មាធិការសាខាបក្សភូមិ ដែលបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ស្របតាមប្រតិទិនសម្រាប់អនុវត្តការងារគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោត។
លោកបានយកឱកាសនៃកិច្ចប្រជុំ អបអរសាទរខួបលើកទី៧៤ នៃថ្ងៃកំណើតគណបក្ស ដែលបានឆ្លុះបញ្ចាំងពីសកម្មភាព និងការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលនាំមកសុខសន្តិភាព និងសាមគ្គីភាព។ ទន្ទឹមនឹងនេះ លោកក៏បានចែករំលែកនូវសារដ៏មានអត្តន័យរបស់សម្តេចតេជោ ប្រធានគណបក្ស ជូនទៅកាន់អង្គប្រជុំផងដែរ។
ខ្លឹមសារនៃសារនោះ សម្តេចបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការកសាងអំពើល្អរបស់មន្រ្តីគណបក្សជាមួយប្រជាជន ដែលនាំមកនូវជំនឿទុកចិត្ត ក៏ដូចជាជាយុទ្ធសាស្ត្រឈ្នះរបស់គណបក្សនៅគ្រប់កាលៈទេសៈ។ តាមរយៈសារនេះ លោក ហ៊ុន ម៉ានី បានលើកទឹកចិត្តឲ្យមន្រ្តីគណបក្សទាំងអស់ ប្រកាន់ភ្ជាប់នូវភាពស្មោះត្រង់ សាមគ្គីឯកភាពផ្ទៃក្នុង បម្រើ និងគិតគូរផលប្រយោជន៍ប្រជាជនជាធំ។
ស្ថិតក្នុងស្ថានភាព នៃការវិវិត្តដ៏តានតឹងនៃបញ្ហាព្រំដែនកម្ពុជា- ថៃ លោក ហ៊ុន ម៉ានី អំពាវនាវរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ សម្របសម្រួល និងក្តាប់ឲ្យបាននូវចំនួនប្រជាពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ និងត្រូវសហការជាមួយមន្ទីរការងារ ដើម្បីផ្តល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅតាមបណ្តារោងចក្រ សហគ្រាស ក្នុងមូលដ្ឋានរបស់ខ្លួន៕