(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ បណ្តុះបណ្តាល និងវិជ្ជាជីវៈ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ នៅឆ្នាំ២០២៥ គឺជាឱកាសដើម្បីបង្ហាញអំពីសមត្ថភាព និងទេពកោសល្យរបស់ប្អូនៗនិសិ្សតកម្ពុជា លើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្មឌីជីថល៤.០ ទៅដល់ក្រុមហ៊ុនបច្ចេកវិទ្យានានានៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។

ការលើកឡើងបែបនេះរបស់រដ្ឋមន្ត្រីទាំងពីររូបបានធ្វើឡើងនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសលោករដ្ឋមន្ត្រីទាំងពីររូប បានអញ្ជើញបិទព្រឹត្តិការណ៍ប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១២ ឆ្នាំ២០២៥។

បន្ថែមលើនេះ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្អូនៗនិស្សិតដែលទទួលបានជ័យលាភីនៅក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១២ ឆ្នាំ២០២៥នេះ ក៏មានឱកាសទៅចូលរួមប្រកួតប្រជែងក្នុងកម្រិតតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងព្រឹត្តិការណ៍ ABU Robocon 2025 តំណាងឱ្យប្រទេសកម្ពុជា ដែលមានប្រទេសម៉ុងហ្គោលីទទួលធ្វើជាម្ចាស់ផ្ទះផងដែរ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា ដែលបានបញ្ចូនបេក្ខជន បេក្ខនារី មកចូលរួមក្នុងកម្មវិធីប្រកួតប្រជែងនៅពេលនេះ និងសូមថ្លែងអំណរគុណដល់ស្ថាប័នទាំងអស់ ព្រមទាំង គណៈគ្រប់គ្រងនៃពហុកីឡដ្ឋានមរតកតេជោ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកម្មវិធីប្រកួតប្រជែងនេះ។ ទន្ទឹមនេះសូមការកោតសរសើរចំពោះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងគ្រូជំនាញបច្ចេកវិទ្យាទាំងអស់ ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍នេះឡើងប្រកបដោយភាពរលូន ក្នុងនាមមិត្តភាព សុក្រឹត្យភាព និងទទួលបានជោគជ័យត្រចះត្រចង់ ស្របតាមពាក្យស្លោក «កីឡាបច្ចេកវិទ្យា គឺដើម្បីមិត្តភាព និងសន្តិភាព»

បើតាមលោករដ្ឋមន្ត្រី ហេង សួរ បានលើកឡើងថា ក្រោមការដឹកនាំដ៏ស្វាហាប់ ម៉ឺងមាត់ និងប្រកបដោយថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ បានផ្ដោតការយកចិត្តទុកដាក់ជាអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស ដែលជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការជំរុញឱ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង ជំនាញ បទពិសោធន៍ជាមួយសមត្ថភាពពិតប្រាកដ ដើម្បីក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស ដែលអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

លោករដ្ឋមន្ត្រី ហេង សួរ បានបន្តថា ក្នុងនាមជាសេនាធិការនៃរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ សេដ្ឋកិច្ច និងសង្គមឌីជីថល និងសេដ្ឋកិច្ចបៃតង សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ឧស្សាហកម្ម និងទិសដៅអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ព្រមទាំងមានភាពធន់ ភាពបត់បែន និងអាចឆ្លើយតបទៅនឹងបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងទីផ្សារការងារ ការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០ ជាពិសេសដោយធានាថា «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»

លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនៃប្រវិត្តសាស្ត្រកម្ពុជា មានតែសម័យតេជោ-ធីបតី ទេ ដែលកម្ពុជារឹងមាំ ម្ចាស់ការ និងឯកភាពជាតិ រួមជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្មួយៗដែលបានឈ្នះការប្រកួតប្រជែងរ៉ូបូតថ្នាក់ជាតិនាពេលនេះនឹងមានឱកាសទៅចូលរួមការប្រកួតប្រជែងរ៉ូបូតថ្នាក់អន្តរជាតិ (ABU Robocon 2025) នាពេលខាងមុខ នៅប្រទេសម៉ុងហ្គោលី និងបង្ហាញអំពីកម្ពុជាទៅកាន់ពិភពលោកផងដែរ៕