(កំពង់ឆ្នាំង)៖ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥ ១-២៨ មិថុនា ឆ្នាំ២០២៥) ក្រោមអធិបតីភាព លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ថ្នាក់ដឹកនាំគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា សមាជិក-សមាជិកាគណបក្សមកពីតាមបណ្ដាមូលដ្ឋានសរុបជាច្រើនរូបទៀត។
ក្នុងឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១មក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងដើមរបស់ខ្លួន គឺប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តម គតិស្នេហាជាតិ មាតុភូមិស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាពដោយមិនប្រកាន់ឋានៈ ជីវភាពដើម កំណើតជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះប្រជាជាតិ ឲ្យរួចផុតពីការឈ្លានពានការ ត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាងការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។
ការប្រារព្ធមិទ្ទិញអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ ដើម្បីគោរពដឹងគុណដល់វីរភាពរបស់វីរជនស្នេហាជាតិទាំងអស់ ដែលបានបូជាជីវិតដើម្បីការពារប្រទេស បូរណភាពទឹកដី។ គណបក្សប្រជាជនកម្ពុជា មានសាមគ្គីភាពផ្ទៃក្នុងរឹងមាំសម្រាប់ការដឹកនាំគណបក្សដើម្បីធានាការ អភិវឌ្ឍន៍ សន្តិភាពដែលជាសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។ គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវការកសាងកម្ពុជា ដែលមានសេដ្ឋកិច្ចប្រាកដប្រជាបរិយាប័ន្ន សមភាពសង្គមប្រជាជនមានចំណេះដឹងមានជីវភាពរស់នៅសមរម្យចាកផុតពីភាពក្រីក្រ។
លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកា និងថ្នាក់ដឹកនាំគណបក្សប្រជាជនទាំងអស់ ដែលបានខិតខំប្រឹងប្រែងគោរពតាមគោលនយោបាយគណបក្ស ដើម្បីបម្រើដល់ប្រជាពលរដ្ឋ និងប្រទេសជាតិតាំងពីដើមរហូតដល់សព្វថ្ងៃ និងទៅអនាគត។ សមាជិកគណបក្សប្រជាជនទាំងអស់ ត្រូវតែស្មោះត្រង់ និងប្រជាជនបម្រើប្រជាជន និងរៀនសូត្រពីប្រជាជនមន្ត្រីគណបក្ស ត្រូវតែរឹងមាំសាមគ្គីត្រូវធ្វើអំពើល្អបម្រើប្រជាជន មិនត្រូវធ្វើជាចៅហ្វាយនាយរបស់ប្រជាជននោះឡើយ។
លោកអំពាវនាវដល់ សមាជិក សមាជិការគណបក្សប្រជាជនក្នុងមូលដ្ឋានទាំងអស់ ត្រូវតែគោរព និងស្រឡាញ់ប្រជាជនគ្រប់ពេលវេលា ខណៈអំពើល្អរបស់មន្ត្រីគណបក្សនាពេលកន្លងមក គឺជាយុទ្ធសាស្ត្រឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះហើយត្រូវតែបន្តរឹងមាំប្រកាន់សច្ចភាពយុត្តិធម៌ និងសាមគ្គីភាពនៅគ្រប់ដំណាក់កាលទាំងអស់។ សមាជិក សមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងខេត្ត ស្ថិតនៅក្នុងសភាពការណ៍នៅតាមព្រំដែនកម្ពុជា-ថៃកំពុងមានភាពតានតឹង លោកសុំសំណូមពរដល់សមាជិក សមាជិការគណបក្ស ក៏ដូចជាប្រជាពលរដ្ឋបន្តភាពស្ងៀមស្ងាត់ ព្រោះថ្នាក់ដឹកនាំកំពុងតែធ្វើកិច្ចការនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ពិសេសចំពោះព័ត៌មានក្លែងក្លាយ ដែលធ្វើឲ្យមានការយល់ច្រឡំពាក់ព័ន្ធនឹងសភាពការណ៍ខាងលើនេះ។
ហេតុនេះទាំងសមាជិកសមាជិកាគណបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ត្រូវមានការជឿជាក់មកលើថ្នាក់ដឹកនាំ ដើម្បីទទួលបានព័ត៌មានច្បាស់ការ យើងទាំងអស់គ្នាត្រូវភ្ជាប់ប្រព័ន្ធទំនាក់ទំនងផ្នែកព័ត៌មានតាមរយៈតេឡេក្រាម, ហ្វេសប៊ុក ឬប្រព័ន្ធទំនាក់ទំនង Cool App របស់សម្ដេចអគ្គមហាសេនាបតីតេជោ សម្ដេចមហាបវរធិបតី,និងរបស់ក្រសួងការពារជាតិ និងបណ្ដាញព័ត៌មានធំៗ ក្នុងស្រុកមួយចំនួនទៀត ដែលជាព័ត៌មានច្បាស់ការ៕