(តាកែវ)៖ នៅក្នុងឱកាសធ្វើដំណើរកម្សាន្ត នៅរមណីយដ្ឋានទន្លេបាទី នៅថ្ងៃសម្រាកចុងសប្ដាហ៍ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តតាកែវ និងខេត្តក្បែរខាង ជាពិសេស បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សូមអញ្ជើញមកលេងកម្សាន្ត នៅរមណីយដ្ឋានប្រវត្តិសាស្រ្តទន្លេបាទី ឲ្យកាន់តែច្រើនឡើង ដែលការធ្វើដំណើរកម្សាន្ត មកកាន់រមណីយដ្ឋានមួយនេះ វានិងជួយគាំទ្រដល់វិស័យ ទេសចរណ៍នៅក្នុងស្រុក។

អភិបាលខេត្តាកែវ បានថ្លែងបន្តថា រមណីយដ្ឋានទន្លេបាទី គឺជាផ្នែកមួយនៃមរតកធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្រ្តរបស់ប្រទេសជាតិយើង ដែលត្រូវបានថែរក្សា និងអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ការនាំគ្នាមកលេងកម្សាន្ត នៅតំបន់ទេសចរណ៍ទន្លេបាទី ក្រៅពីជួយគាំទ្រដល់វិស័យទេសចរណ៍នៅក្នុងស្រុក វាក៏ជាការរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។

នៅក្នុងឱកាសនោះលោក វ៉ី សំណាង បានណែនាំចំពោះអាជ្ញាធរ និងសហគមន៍ទេសចរណ៍ ដែលទទួលបន្ទុករមណីយដ្ឋានទន្លេបាទី ត្រូវតែខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថានល្អស្អាត ជាពិសេសបញ្ហាតម្លៃម្ហូបអាហារ ត្រូវដាក់លក់ក្នុងតម្លៃសមរម្យ ដែលជាកត្តាចាំបាច់បំផុត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត ទីតាំងប្រវត្តិសាស្រ្តទន្លេបាទីនេះ កាន់តែច្រើនថែមទៀត៕