(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) តំណាងផ្នែកឯកជន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំសហប្រធានក្រុមការងារផ្នែកឯកជនទាំង១៦ និងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងសមាគម និងសភាពាណិជ្ជកម្ម-ធុរកិច្ច វិនិយោគ ជាតិ-អន្តរជាតិ ដែលមានភាពជាតំណាងរបស់ខ្លួននៅកម្ពុជា សម្រាប់កិច្ចប្រជុំផ្នែកឯកជន ស្តីពី «ការវាយតម្លៃ និងការផ្តល់ជាអនុសាសន៍ លើផលប៉ះពាល់ ក្នុងរយៈពេល ខ្លី មធ្យម និងវែង ពី ស្ថានការណ៍តានតឹងព្រំដែនកម្ពុជា-ថៃ»

កិច្ចប្រជុំនេះ មានការចូលរួមមកពីគ្រប់ភាគីពាក់ព័ន្ធ សមាគមជាតិ អន្តរជាតិ សភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជា សហប្រធានក្រុមការងារទាំងអស់ និងធុរជនធំជាច្រើនរូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺពិភាក្សាលើបញ្ហាសំខាន់ ដើម្បីធ្វើការវាយតម្លៃពីបញ្ហាប្រឈម សំណើ និងសំណូមពរផ្សេងៗ ព្រមទាំងស្វែងរកចម្លើយជាយុទ្ធសាស្ត្រដែលសមស្រប និងបង្កើនកិច្ចសហការណ៍ ផ្តល់ជាដំណោះស្រាយលើផលប៉ះពាល់ កំពុងជួបប្រទះក្នុងកាលៈទេសៈនេះ។

អង្គប្រជុំបានលើកឡើងនូវបញ្ហាយោបល់សំខាន់ៗ រួមមាន៖

១៖ វិបត្តិព្រំដែន កម្ពុជា-ថៃ កំពុងបង្កការរាំងស្ទះដល់ពាណិជ្ជកម្ម ការធ្វើទេសចរណ៍ និងចរន្តពលកម្ម,
២៖ វិស័យមីក្រូហិរញ្ញវត្ថុ៖ ស្ថាប័នឥណទានខ្នាតតូច បានសម្គាល់ហានិភ័យប្រព័ន្ធ ប្រសិនបើពលករកម្ពុជានៅថៃ ត្រឡប់មកវិញហើយជួបការលំបាក ក្នុងការសងបំណុល,
៣៖ ការរាំងស្ទះលំហូរពាណិជ្ជកម្ម បង្កឲ្យតម្លៃដើមបង្កើតរោងចក្រខ្ពស់ឡើងនៅក្បែរព្រំដែន ខណៈដែលការស្វែងរកអ្នកផ្គត់ផ្គង់ជំនួសនៅតែពិបាក,
៤៖ វិស័យទេសចរណ៍ គឺចរន្តទេសចរធ្លាក់ចុះយ៉ាងខ្លាំង នៅសៀមរាប និងភ្នំពេញ ដោយការស្វែងរកអន្តរជាតិចំពោះកម្ពុជា ក៏បានធ្លាក់ចុះ ២០% ផងដែរ,
៥៖ ខ្សែសង្វាក់ផ្គត់ផ្គង់កំពុងមានការបត់បែន ដែលធ្វើឲ្យក្រុមហ៊ុនផលិតអាហារកម្ពុជា កំពុងបង្កើនផលិតកម្ម ជាពិសេសសំរាប់សម្រាប់ទីផ្សារម៉ាឡេស៊ី និងវៀតណាម ដើម្បីក្លាយជាដៃគូផ្គត់ផ្គង់។ ប្រទេសកាណាដា ក៏បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មក្នុងទីផ្សារកម្ពុជា,
៦៖ វិស័យកសិកម្ម៖ បញ្ហាជីកសិកម្ម និងការផ្លាស់ប្តូរដោយរហ័ស នៃប្រភពផ្គត់ផ្គង់អាចគំរាមកំហែងសន្តិសុខអាហារ និងបានពិភាក្សាលើវិស័យផ្សេងៗជាច្រើនទៀត ផងដែរ៕