(បាងកក)៖ ខណៈបាតុកម្មតវ៉ាប្រឆាំងលោកស្រី Paetongtarn Shinawatra បន្តរីករាលដាលជុំវិញការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថៃរូបនេះ កំពុងប្រឈមនឹងការគំរាមកំហែងដល់អំណាចរបស់លោកស្រី។ អ្នកនយោបាយថៃមកពីក្រុមផ្សេងៗគ្នា ក្នុងនោះរួមមានទាំងសមាជិកព្រឹទ្ធសភាបានដាក់ពាក្យបណ្ដឹងប្រឆាំង លោកស្រី Paetongtarn ដោយចោទប្រកាន់ពីបទរំលោភអំណាច បំផ្លាញសន្តិសុខជាតិ និងបំពានក្រុមសីលធម៌ស្ដង់ដារក្នុងនាមជានាយករដ្ឋមន្ត្រី។ ប្រសិនបើត្រូវបានរកឃើញថាមានទោសកំហុស ដូចការចោទប្រកាន់ពិតមែន នោះលោកស្រី Paetongtarn អាចនឹងត្រូវទម្លាក់ចេញពីតំណែងសម្រាប់ការបំពានរដ្ឋធម្មនុញ្ញ។ ចំណែកបទល្មើសពាក់ព័ន្ធនឹងសន្តិសុខជាតិ អាចឱ្យលោកស្រីប្រឈមនឹង ការកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។ ខាងក្រោមនេះជាចំណុចសំខាន់ៗគួរដឹងពីបណ្ដឹងតាមផ្លូវច្បាប់ប្រឆាំងលោកស្រី Paetongtarn៖
* ពាក្យបណ្ដឹងរបស់សមាជិកព្រឹទ្ធសភា
សមាជិកព្រឹទ្ធសភាថៃមួយក្រុមមានគ្នា ៣៦នាក់ បានដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ ដើម្បីទាមទារឱ្យទម្លាក់លោកស្រី Paetongtarn ពីតំណែងជានាយករដ្ឋមន្ត្រី ដោយចោទថាលោកស្រី បានរំលោភបំពានសុចរិតភាពនៃរដ្ឋធម្មនុញ្ញ និងក្រមសីលធម៌ស្ដង់ដារក្នុងនាមជានាយករដ្ឋមន្ត្រី។ ក្រុមសមាជិកព្រឹទ្ធសភានេះដដែលបានដាក់ពាក្យបណ្ដឹងដាច់ដោយឡែកមួយទៀតទៅកាន់ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយ NACC ជាមួយការអះអាងថាការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរបស់លោកស្រីជាមួយសម្ដេចតេជោ គឺជាការរំលោភអំណាចធ្ងន់ធ្ងរ និងបំពានលើរដ្ឋធម្មនុញ្ញ ឬច្បាប់ផ្សេងទៀតរបស់ថៃ។
សមាជិកព្រឹទ្ធសភា លោក Chaiyong Manirungsakun បាននិយាយថាលោករំពឹងថាតុលាការធម្មនុញ្ញនឹងទទួលយកញត្តិ ហើយព្យួរលោកស្រី Paetongtarn ពីតំណែងជានាយករដ្ឋមន្ត្រី ក្នុងពេល ពិចារណាលើការចេញសាលក្រមសម្រេចចុងក្រោយ។ តុលាការធម្មនុញ្ញថៃត្រូវបានរំពឹងថានឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី១ ខែកក្កដា ថាតើត្រូវទទួលយកញត្តិប្រឆាំងលោកស្រី Paetongtarn ឬក៏អត់? អតីតចៅក្រមតុលាការធម្មនុញ្ញ លោក Charan Pakdeethanakul បានស្ថិតក្នុងចំណោមអ្នកជំនាញជាច្រើននាក់ដែលបានព្យាករថាលោកស្រី Paetongtarn នឹងត្រូវបានព្យួរតំណែង ហើយក្នុងករណី តុលាការទទួលយកញត្តិ នីតិវិធីច្បាប់អាចនឹងត្រូវចំណាយពេលរាប់ខែ។ លោក Charan ក៏បានព្រមានដែរថាការតតាំងគ្នាតាមផ្លូវច្បាប់អាចនឹងបង្កជាភាពចម្រូងចម្រាស។
* គំរាមកំហែងដល់សន្តិសុខជាតិ?
ពាក្យបណ្ដឹងដាច់ដោយឡែកមួយដាក់ជូនការិយាល័យស៊ើបអង្កេតកណ្ដាល បានចោទប្រកាន់លោកស្រី Paetongtarn ពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខជាតិ។ អតីតសមាជិកព្រឹទ្ធសភាថៃ លោក Somchai Sawangkan បាននិយាយថាលោកស្រី Paetongtarn បានបំពានលើមាត្រា១១៩ នៃក្រមព្រហ្មទណ្ឌថៃ ដែលបានចែងថា «ជនណាដែលប្រព្រឹត្តសកម្មភាព ធ្វើឱ្យថៃ ឬផ្នែកណាមួយរបស់ ថៃ ស្ថិតនៅក្រោមអធិបតេយ្យនៃបរទេសមួយ ឬក៏បំផ្លាញឯករាជ្យភាពរបស់ថៃ នឹងត្រូវកាត់ទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត»។ ក្នុងពេលជាមួយគ្នា លោក Ruangkrai Leekitwattana ជាមនុស្សល្បីម្នាក់ខាងដាក់ញតិ្ត បានស្នើឱ្យគណៈកម្មការជាតិរៀបចំការបោះឆ្នោត ធ្វើសេចក្ដីសម្រេចថាតើលោកស្រីនាយករដ្ឋមន្ត្រីបានបំពានរដ្ឋធម្មនុញ្ញចែងពីសុចរិតភាពសម្រាប់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីដែរឬទេ? ប្រសិនបើឃើញភស្តុតាងគំាទ្រការចោទប្រកាន់នេះ គណៈកម្មការរៀបចំការបោះឆ្នោតអាចបញ្ជូនសំណុំរឿងទៅកាន់តុលាការធម្មនុញ្ញដែលមានសិទ្ធិអំណាចដកលោកស្រី ចេញពីតំណែង។
លោកស្រី Paetongtarn ក៏ប្រឈមមុខនឹងពាក្យបណ្ដឹងពីសកម្មជននយោបាយម្នាក់ទៀតដែរ គឺលោក Srisuwan Janya ដែលបានស្នើឱ្យ NACC បើកការស៊ើបអង្កេតថាតើលោកស្រីបានបំពាន កាតព្វកិច្ចរបស់ខ្លួនមានចែងក្នុងរដ្ឋធម្មនុញ្ញ និងកាតព្វកិច្ចដើម្បីការពារសន្តិសុខជាតិដែរឬក៏យ៉ាងណា? ក្រុមសកម្មជនស៊ីវិលក៏បានដាក់ពាក្យបណ្ដឹងផងដែរប្រឆាំងនឹងលោកស្រី Paetongtarn ដោយចោទពីបទរំលោភអំណាច និងបំផ្លាញសន្តិសុខជាតិ។ លោក Jak Punchoopet ជាសាស្ត្រាចារ្យម្នាក់ និងជាអ្នករិះគន់គ្រួសារ Shinawatra បាននិយាយថាលោកស្រី Paetongtarnបានធ្វើសកម្មភាពក្នុងទិដ្ឋភាពមួយដែលគំរាមកំហែងដល់សន្តិសុខរបស់ថៃ ហើយញត្តិប្រឆាំងលោកស្រីពីបទបំពានសន្តិសុខជាតិ មានចែងនៅក្រោមក្រមព្រហ្មទណ្ឌថៃ៕