(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងធនធានទឹក និងឧតុនិយម សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្តួចផ្តើមគំនិតស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ដើម្បីរៀបចំធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ។
ការផ្តួចផ្តើមគំនិតនេះ គឺជាទឡ្ហឹករណ៍ថ្មីមួយទៀត ដែលបញ្ជាក់ឱ្យកូនខ្មែរ ក្នុងពេលបច្ចុប្បន្ន និងតទៅ ជំនាន់ក្រោយៗបានឃើញ បានយល់ និងចងចាំយ៉ាងច្បាស់ថា សម្តេចតេជោ ជាមេដឹកនាំខ្មែរដ៏កម្រមួយរូប ដែលបានខិតខំធ្វើគ្រប់បែបយ៉ាង ដើម្បីការពារនិងសម្រេចឱ្យបាននូវ ឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន ពិសេសការកសាងនិងរក្សាការពារសន្តិភាព ការពារបូរណភាពទឹកដី អធិបតេយ្យភាព ការកសាងនិងអភិវឌ្ឍន៍ សេដ្ឋកិច្ច ការលើកកម្ពស់ចំណេះដឹង និងជីវភាពប្រជាជន។
ឈរលើមូលដ្ឋាននៃគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ យើងខ្ញុំសូមឱ្យជនរួមជាតិទាំងអស់ បន្តរូបរួមស្មារតីជាធ្លុងមួយ គាំទ្ររាជរដ្ឋាភិបាល គាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីយើងរួមគ្នាបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ជាតិយើង គឺការធានាឱ្យបានច្បាស់ និងម៉ឺងម៉ាត់ថា ជនជាតិខ្មែរគ្រប់រូប មិនថាខ្មែរពីកំណើត ឬជនទទួលបានសញ្ជាតិខ្មែរនោះទេ គឺត្រូវតែមានកាតព្វកិច្ចការពារ ឧត្តមប្រយោជន៍ជាតិ ហើយរាល់សកម្មភាព ឃុបឃិតជាមួយបរទេស ដើម្បីបំផ្លាញផលប្រយោជន៍ជាតិ គឺជាទង្វើក្បត់ជាតិ ដែលត្រូវទទួលទណ្ឌកម្ម តាមផ្លូវច្បាប់ រួមទាំងការដកហូតសញ្ជាតិខ្មែរ។
យើងខ្ញុំ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវការផ្តួចផ្តើមគំនិតរបស់ សម្តេចតេជោ ក្នុងការស្នើរាជរដ្ឋាភិបាល សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលដៅដកហូតសញ្ជាតិខ្មែរពីជនទាំងឡាយណា ដែលឃុបឃិតជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ៕