(ភ្នំពេញ)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពីធីប្រគល់ទទួលសៀវភៅសរុបចំនួន ១០៤ ក្បាល, មានចំនួន៧ ចំណងជើង ពី សមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ ដើម្បីយកមកតម្កល់ទុកនៅក្នុងបណ្ណាល័យ ARDB សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន ហើយពិធីប្រគល់ទទួលនេះ ចូលរួមពីលោកបណ្ឌិត ទូច គីមស្រ៊ាង សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី។

ជាមួយគ្នានេះដែរ លោកបណ្ឌិតប្រតិភូ បានថ្លែងអំណរគុណជូនចំពោះ លោកបណ្ឌិត ទូច គីមស្រ៊ាង និងសហការី ដែលបានប្រគល់អំណោយសៀវភៅដ៏មានអត្ថន័យ និងមានសារសំខាន់ទាំងនេះ មកបណ្ណាល័យ ARDB ព្រមទាំងបានជូនពរ លោកបណ្ឌិត សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានសមាគមអក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងសហការី ទទួលបានជោគជ័យគ្រប់ការងារភារកិច្ច និងជួបប្រទះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទ្បើយ៕