(តាកែវ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអះអាងថា ការបិទព្រំដែនជាមួយប្រទេសថៃ មិនបានធ្វើឲ្យប៉ះពាល់ដល់សន្ដិសុខស្បៀងរបស់កម្ពុជាឡើយ ហើយកម្ពុជាធានាបានទាំងស្រុងនៅការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់ខ្លួន ដោយមិនចាំបាច់ពឹងពាក់ប្រទេសថៃនោះទេ។
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ផលិតផលកសិកម្មមួយចំនួនរបស់កម្ពុជា ត្រូវបានបញ្ជូនផ្ទាល់ទៅបរទេសតែម្ដង ដោយមិនចាំបាច់ឆ្លងកាត់ ឬលក់ឲ្យប្រទេសថៃនោះទេ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «នៅពេលយើងមានបញ្ហាតាមព្រំដែន យើងបិទព្រំដែន ខ្ញុំសួរក្រសួងកសិកម្ម សួរខេត្ត សួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថាអត់មានបញ្ហ្ា។ ដំឡូងមីឥលូវផុុតរដូវ បើ៥-៦ខែទៀតមានបញ្ហា យើងនៅតែធានាផ្ទៃក្នុងបាន ព្រោះនាំចេញផ្ទាល់នៅប្រទេសចិនរាប់ម៉ឺនតោន យើងមានច្រកចេញអត់លំបាក។ យើងបានត្រៀមលក្ខណៈហើយ ក្នុងករណីរញ៉ែរញ៉ៃរយៈពេលវែង នេះជាហើយជាអ្វីដែលផលយើងបាននៅថ្ងៃនេះ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ដ្រីនៃកម្ពុជា, បច្ចុប្បន្ននេះផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនមិនទាន់ដល់ពេលត្រូវប្រមូលផលនោះទេ ប៉ុន្ដែក្នុងករណីបញ្ហាត្រូវបានអូសបន្លាយរយៈពេលវែងជាមួយប្រទេសថៃ ហើយព្រំដែនបន្ដបិទ កម្ពុជាក៏នៅតែមានភាពម្ចាស់ការខ្លួនឯង ក្នុងការដោះស្រាយបញ្ហា។ សម្ដេចបន្ដថា ផលិតផលកសិកម្មរបស់កម្ពុជា អាចនាំចេញផ្ទាល់នៅកាន់ប្រទេសផ្សេងបានក្រៅពីប្រទេសថៃ។
តាមរយៈហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ នៅក្នុងប្រទេសដែលមានភាពប្រទាក់ក្រឡាគ្នាពីតំបន់មួយទៅតំបន់មួយ ធ្វើឲ្យកម្ពុជាមានភាពងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្ម ដើម្បីធ្វើការនាំចេញទៅក្រៅប្រទេស ហើយគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធ្វើឲ្យកម្ពុជាយកឈ្នះលើការគំរាមទាំងឡាយរបស់ថៃ។ នេះបើតាមអ្វីដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែម។
ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គាំទ្រផលិតផលរបស់ខ្មែរ សូមឲ្យស្មារតីជាតិនិយមមួយនេះស្ថិតស្ថេរជារឿងរហូត។ ដោយឡែក សម្រាប់អ្នកផលិតទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគុណភាពផលិតផល មិនអាចបង្ខំឲ្យប្រជាពលរដ្ឋទិញផលិតផលគ្មានគុណភាពនោះទេ៕