(តាកែវ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរបានយល់ឃើញច្បាស់ពី គោលនយោបាយរបស់រាជរដ្ឋាភិបាល នៅពេលប្រទេសជាតិជួបប្រទះបញ្ហា ហើយរាជរដ្ឋាភិបាលអាចមានភាពម្ចាស់ការណ៍ដោយខ្លួនឯង មិនពឹងពាក់បរទេសជិតខាងឡើយ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអះអាងថា រាជរដ្ឋាភិបាលដឹកនាំប្រទេស ដើម្បីតែផលប្រយោជន៍ជាតិ និងប្រជាជនប៉ុណ្ណោះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍យ៉ាងដូច្នេះថា «ចឹងរឿងនេះ ឱកាសនេះ និយាយអំពីទិវាមច្ឆជាតិ និយាយអំពីសន្តិសុខស្បៀង ក៏ត្រូវនិយាយអំពី សមត្ថភាពរបស់កម្ពុជា ក្នុងការធានាម្ចាស់ការរបស់យើង ឆ្លើយតប ទៅតាមតម្រូវការរបស់ប្រជាជន​ ជាពិសេសនៅក្នុងបញ្ហាលំបាកដូចជា កូវីដ និងស្ថានភាពឥឡូវនេះ [...] ឆ្លងពីឱកាស ឬបញ្ហាដែលយើងកំពុងប្រឈម វាបានលេចចេញនូវភាពខ្លាំងរបស់កម្ពុជា »

បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, ប្រជាពលរដ្ឋខ្មែរ បានពង្រឹងនូវការទុកចិត្តមកលើរាជរដ្ឋាភិបាល តាមរយៈបញ្ហាជាតិដែលកើតមានកន្លងមកនេះ ជាពិសេស បានយល់ពីបំណងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញការវិនិយោគ ទាំងរដ្ឋ ទាំងឯកជន ទាំងដៃគូរសហការផ្សេងៗ ដើម្បីបង្កើនសមត្ថភាពរបស់កម្ពុជា ក្នុងការគ្រប់គ្រងទឹក ភ្លើង អ៊ិនធើណេត និងការបើកទីផ្សារ។

ក្នុងន័យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវក្ដីរីករាយ ក្រោយឃើញប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងស្រុក និងក្រៅស្រុក មានមនសិការស្នេហាជាតិ និងសហការគ្នាជាធ្លុងតែមួយ ដែលឆ្លុះបញ្ចាំងអំពី ភាពរឹងមាំរបស់កម្ពុជា ​និងអរគុណដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបដែលបាន គាំទ្រផ្នែកស្មារតីយ៉ាងផុសផុល ដើម្បីការពារផលប្រយោជន៍ជាតិ។

ថ្លែងទៅកាន់អង្គវេទិកាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអរគុណទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់លើពលករដែលត្រឡប់ពីមកពីប្រទេសថៃ និងរកការងារជូនពលរដ្ឋបានទាន់ពេលវេលា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអរគុណទៅកាន់ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសខេត្តជាប់ព្រំដែនទាំងអស់រួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តឧត្ដរមានជ័យជាដើម ដែលបានជួយសម្រួលដល់ប្រជាពលរដ្ឋ និងចូលរួមសហការជួយដឹកប្រជាពលរដ្ឋមកតាមភូមិ ស្រុក៕