(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ បានថ្លែងខ្លាំងៗជុំវិញស្ថានភាពនៃការបិទព្រំដែនជាមួយភាគីថៃ ពិសេសភាពលឹបលមិនច្បាស់លាស់របស់ថៃ ធ្វើឱ្យកម្ពុជាពិបាករកតួអង្គណា ដើម្បីជឿជាក់ និងធ្វើការជាមួយ។
សម្តេចបានលើកយកករណីលិខិតរបស់ភាគីថៃ ដែលចេញកាលពីព្រឹកថ្ងៃអាទិត្យ ទី២៩ មិថុនា ២០២៥ ដែលអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា បានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឲ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សម្តេចអះអាងថា គ្រាន់តែឯកសារលិខិតមួយនេះ មានភាគីថៃមានតួអង្គ ៤ចេញមកបញ្ជាក់ខុសគ្នា ក្នុងនោះមានទាំងខាងកងទ័ព និងអ្នកនយោបាយ។
សម្តេចចោទសួរថា «តើយើងបើកព្រំដែនយ៉ាងម៉េច បើយើងមិនដឹងនិយាយជាមួយនរណាគេផង គ្រាន់តែលិខិតមួយ មាន៤តួអ្នកចេញមកនិយាយខុសគ្នា?»។
ការថ្លែងរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាស អញ្ជើញប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រី ១.៥លានក្បាល ចូលបឹងទន្លេបាទី ខេត្តតាកែវ។
សម្តេចបានថ្លែងដូច្នេះថា «ឥឡូវតើយើងបើកយ៉ាងម៉េច បើយើងមិនដឹងនិយាយជាមួយនរណាគេផង គ្រាន់តែលិខិតមួយ មាន៤តួអ្នកចេញមកនិយាយខុសគ្នា ចេញមកភ្លាមខ្ញុំចេញប៉ះបដិសេធក្នុង Facebook បញ្ជាក់ពីជំហររបស់យើង ហើយថាសោរនៅភាគីខាងថៃធ្វើទៅ ស្រាប់តែអ្នកនាំពាក្យកងទ័ពថៃចេញមកថា គឺជាការជជែកគ្នាផ្ទៃក្នុងនឹងបានទំនាក់ទំនងទៅវិញទៅមកជាមួយភាគីកម្ពុជា ដើម្បីបើកច្រកបណ្តោះអាសន្ន ដើម្បីឱ្យរថយន្តចេញចូល តែកម្ពុជាបដិសេធ អីចឹងគេចង់ចោទថាកម្ពុជាអាក្រក់។ សម្រាប់តែឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ចេញមកថាអត់មានបញ្ជូនលិខិតមកកម្ពុជាទេ។ ល្ងាចឡើងទៀត មានព័ត៌មានចេញមកថា ឯកសារលិខិតនោះ គឺក្លែងក្លាយទេ ស្រាប់តែម្សិលមិញចេញមកទៀតថា ឯកសារនេះមិនមែនក្លែងក្លាយទេ តែវាបានលេចធ្លាយ។ គ្រាន់តែលិខិតមួយមាន ៤តួអង្គចេញមកខុសគ្នា។ ឥឡូវឱ្យខ្ញុំយកខាងណាជាគោល រដ្ឋាភិបាលខ្មែរទៅលោតតាមយ៉ាងម៉េច?»។
បន្ថែមលើនេះ សម្តេចបានប្រាប់ដល់សារព័ត៌មានរបស់ថៃ ដែលខំព្យាយាមចោទកម្ពុជាអមនុស្សធម៌ ក្នុងករណីរថយន្តថៃជាប់នៅទឹកដីខ្មែរ មុនថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ គឺមិនមែនជាការពិតទេ សមត្ថកិច្ចកម្ពុជាបានបញ្ជាក់ច្បាស់ហើយថា គ្មានរថយន្តរបស់ថៃជាប់នៅកម្ពុជាទេ។
សម្តេចបានសង្កត់ធ្ងន់ថា ការអនុវត្តន៍វិធានការបិទព្រំដែន មិនមែនចាប់ផ្តើមដោយកម្ពុជានោះឡើយ គឺភាគីថៃបិទដោយឯកតោភាគី ហើយរឿងនេះកម្ពុជាអាចកំដរបានគ្រប់ពេល បើថៃចង់ឱ្យស្ថានភាពព្រំដែនត្រឡប់ដូចធម្មតាវិញ ភាគីថៃត្រូវបើកដោយខ្លួនឯង ឲ្យស្ថានភាពព្រំដែនត្រឡប់ដូចមុខថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ នោះកម្ពុជាបើកវិញ ក្នុងរយៈពេល៥ម៉ោង។
ជាថ្មីម្តងទៀត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជារង់ចាំអ្នកមានអំណាចពិតប្រាកដនៅក្នុងប្រទេសថៃ ដើម្បីជជែកដោះស្រាយលើបញ្ហាព្រំដែនជាមួយគ្នា។
សម្រាប់នៅកម្ពុជា សម្តេចបវរធិបតីបានបញ្ជាក់ថា កម្ពុជាតាំងពីដើមមកសំឡេងមិនមានច្រើននោះទេ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកបញ្ចេញមតិទាក់ទងទៅនឹងរឿងនយោបាយ ប៉ុន្តែការសម្រេចចិត្តនយោបាយ បញ្ជាស្ថាប័នរដ្ឋ គឺសម្តេចជានាយករដ្ឋមន្រ្តី។ កម្ពុជាមានសំឡេងតែមួយពីលើដល់ក្រោម៕