(ភ្នំពេញ)៖ ​បណ្តាញសហគ្រិនស្ត្រីអាស៊ាន (AWEN) សហការជាមួយ បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) ​នឹង​រៀបចំវេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ឆ្នាំ២០២៥ ជាលើកទី២នៅកម្ពុជា ដើម្បីបង្កើនសន្ទុះនៃនវានុវត្តន៍ភាព និងកិច្ចសហប្រតិបត្តិការ​ដឹកនាំដោយសហគ្រិនស្ត្រីក្នុងតំបន់។

​ក្នុងការធ្វើខ្លួនជាម្ចាស់ផ្ទះជាលើកទី២ នៃការរៀបចំវេទិកានេះ កម្ពុជាបានត្រៀមខ្លួនរួចហើយ ក្នុងការទទួលភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមក្នុងវេទិកាធុរកិច្ចដ៏មានឥទ្ធិពលមួយនេះ ដែលមានបុព្វហេតុ លើកកម្ពស់ និងសាទរ ទៅកាន់សហគ្រិនស្ត្រីឆ្នើមទូទាំងអាស៊ីអាគ្នេហ៍។ វេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម នឹងឆ្លុះបញ្ចាំងពីភាពជាអ្នកដឹកនាំរបស់ អាស៊ាន និងកម្ពុជា ក្នុងកិច្ចការបន្តការអភិវឌ្ឍរួមគ្នាក្នុងភាពជាសហគ្រិន។

វេទិកាសហគ្រិនកំពូល និង កម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើម ​នឹងប្រារព្ធឡើងនាខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ នឹងផ្តោតសំខាន់ទៅលើ សារចម្បងមួយគឺ «ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ»។ សារនេះ មានវត្ថុបំណងក្នុងការរឹតបណ្តឹង និងបង្កើតភាពជាដៃគូល្អរវាងប្រទេស និងប្រទេសក្នុងតំបន់ លើកស្ទួយដំណើរការអភិវឌ្ឍលើវិស័យធុរកិច្ច ឌីជីថល និង បន្តកិច្ចការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា។ អ្វីដែលកាន់តែពិសេស ឆ្នាំនេះ កម្មវិធីក៏មានការរួមបញ្ចូលសកម្មភាពក្នុងការផ្ទេរតំណែងជាប្រធាននៃបណ្តាញសហគ្រិនស្ត្រីអាស៊ាន ដែលដឹកនាំដោយកម្ពុជា ទៅប្រទេសឡាវផងដែរ ដែលនេះគឺជាការឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ល្អមួយនៃភាពជាអ្នកដឹកនាំរបស់សហគ្រិនស្ត្រីក្នុងតំបន់។

ក្នុងសន្និសីទកាសែតជាផ្លូវការ ក្នុងការប្រកាសអំពីវេទិកាសហគ្រិនកំពូល និងកម្មវិធីសហគ្រិនស្ត្រីអាស៊ានឆ្នើមឆ្នាំ២០២៥ កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ២០២៥ នៅសាលសន្និសីទនៃសណ្ឋាគារ Novotel ​លោកស្រី ទន្តបណ្ឌិត អេង លីគង់ ប្រធានបណ្តាញសហគ្រិនស្ត្រីអាស៊ាន និងកម្ពុជា បានមានប្រសាសន៍ថា​​ «យើងបានសង្កេតឃើញហើយថា ភាពអសន្តិសុខ អស្ថេរភាពនៃទំនាក់ទំនងអន្តរជាតិ របស់ប្រជាជាតិជាច្រើនបានជះឥទ្ធិពលអវិជ្ជមាន និងឱនភាពទៅលើវិស័យសេដ្ឋកិច្ច ជំនួញ និងវិស័យជាច្រើនទៀត។ ហើយមានមនុស្សរាប់រយលាននាក់ ទាំងបុរស ស្ត្រី កុមារ និងមនុស្សចាស់ សុទ្ធតែទទួលរងគ្រោះដោយផ្ទាល់ និងដោយប្រយោល។ ដូច្នេះ សារដ៏សំខាន់ក្នុងវេទិការបស់យើងនៅក្នុងឆ្នាំនេះគឹ ពិភពលោកនឹងរីកចំរើនរុងរឿងនៅពេលដែលយើងសហការគ្នាជាធ្លុងមួយ»

​ជាមួយគ្នានេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ​ដែលតែងតែយកចិត្តទុកដាក់ចូលរួមគាំទ្រ និងលើកកម្ពស់ដល់សហគ្រិនស្ត្រី ខណៈព្រឹត្តិការណ៍នេះកាលពីឆ្នាំមុន សម្តេចបវរធិបតីបានផ្តល់កិត្តិយសចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់​ផងដែរ។

លោក ជិន ថូមីត នាយកប្រតិបត្តិក្រុមហ៊ុន iDEN នឹងជាអ្នកដឹកនាំកម្មវិធី បានលើកឡើងថា កម្មវិធីពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន តែងតែប្រាព្ធឡើងជារៀងរាល់ឆ្នាំនៃប្រទេសជាម្ចាស់ផ្ទះ គឺដើម្បីផ្តល់នូវការទទួលស្គាល់ ចំពោះសហគ្រិនស្ត្រីឆ្នើមនៃប្រទេសនីមួយៗ នៃសមាជិកអាស៊ានអំពីស្នាដៃនៃការដឹកនាំធុរកិច្ចរបស់ខ្លួន ក្រោមការរៀបចំរបស់ ស្ថាប័ន បណ្តាញសហគ្រិនស្ត្រីអាស៊ាន។ នេះជាឆ្នាំទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ មុននឹងផ្ទេរតួនាទីនេះនៅប្រទេសបន្ទាប់ គឺប្រទេសឡាវ។

​លោកបានលើកឡើងថា «អ្វីៗដែលអស្ចារ្យ ដែលបានកើតឡើងក្នុងលោកយើងនេះ គឺកើតឡើងដោយសារក្តីស្រម៉ៃ និងមានមនុស្សមួយក្រុមតូចដែលមិនបោះបង់ ហើយបន្តក្រាញននាល រហូតសម្រេចនូវក្តីស្រម៉ៃទាំងអស់នោះបាន ទោះបីជាមានការចំអក និងមានការរារាំងពីមជ្ឈដ្ឋានខាងក្រៅយ៉ាងក៏ដោយ»។​

សូមជម្រាបថា បណ្តាញសហគ្រិនស្ត្រីកម្ពុជា (CamWEN) គឺជាសម្ព័ន្ធមួយដែលមានការចូលរួមពីសមាជិកសមាគមទាំង៦ ដែលមានដូចជា សមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) សហគមទេសចរណ៍កម្ពុជា (CATA) សមាគមអ្នកផលិតសំបុកត្រចៀកកាំ (CSMEA) សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) American Chamber of Commerce និង CEO Master Club៕