(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រកាសពីការត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តនូវបទបញ្ជារបស់ថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពួតដៃគ្នាជាមួយកងទ័ព ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីពីពួកចោរសៀមឈ្លានពាន។

ការប្រកាសត្រៀមខ្លួនរបស់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥នេះ ក្នុងពេលដែលលោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ អមដំណើរដោយលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ អញ្ជើញជាអធិបតីចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រម​ទាំង​ត្រួត​ពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើដល់ភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការនគរបាលរាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងអំពីស្ថានភាពកងកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, ការបំពេញការងារបម្រើសេវាជូនប្រជាពលរដ្ឋប្រចាំថ្ងៃ, ការអនុវត្តកាតព្វកិច្ចធានាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ពិសេសការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់មានសុវត្ថិភាព» ព្រមទាំងការត្រៀមលក្ខណៈអនុវត្តនូវបទបញ្ជារបស់រាជរដ្ឋាភិបាល។

បើតាមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, បច្ចុប្បន្នកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមលក្ខណៈម្ចាស់ការណ៍ខ្ពស់ ដោយក្នុងនោះ មានទាំងការធានាសន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ និងត្រៀមមធ្យោបាយ សម្ភារៈ ស្បៀងអាហារដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមរួចជាស្រេច ក្រៅពីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ យើងខ្ញុំចូលរួមគាំទ្រប្រយុទ្ធតាមអ្វីដែលអាចធ្វើទៅបាន។ នេះជាការស្ម័គ្រចិត្តលះបង់ ដើម្បីការពារប្រជាពលរដ្ឋ និងបូរណភាពទឹកដី ក្នុងពេលដែលប្រទេសជាតិមានសេចក្ដីត្រូវការ។ យើងខ្ញុំទាំងអស់គ្នារង់ចាំបទបញ្ជាថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ ពិសេសប្រមុខរាជរដ្ឋាភិបាល»

ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ ក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបជាមួយការគំរាមកំហែង និងប្រមាថពីសំណាក់ភាគីថៃ ហើយគាំទ្រចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់។

ក្នុងឱកាសនោះ លោកសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរដល់កងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច និងការត្រៀមលក្ខណៈសម្បត្តិ ដើម្បីធានាបាននូវកិច្ចប្រតិបត្តិការឲ្យបានទាន់ពេលវេលា។ លោកក៏បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់លោកអភិសន្ដិបណ្ឌិត ស សុខា ជូនដល់កងកម្លាំងទាំងអស់ផងដែរ។

បន្ថែមពីនេះ លោកសន្ដិបណ្ឌិ សុខ ផល ក៏បានលើកឡើងអំពីបច្ចុប្បន្នសភាពការណ៍នៅព្រំដែនកម្ពុជា-ថៃ ចាប់ពីទិសមុំបី រហូតមកដល់ប្រាសាទតាមាន់ តាក្របី និងតាមបណ្ដាខេត្តផ្សេងទៀតដល់ខេត្តពោធិ៍សាត់ គឺមានការវិវត្តនូវភាពស្មុកស្មាញ ពីមួយថ្ងៃទៅ មួយថ្ងៃ ដែលទាមទារចាំបាច់ នូវការអន្តរាគមន៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគឺកងកម្លាំងប្រដាប់អាវុធ ដែលមានកងយុទ្ធពលខេមរភូមិន្ទ រួមជាមួយកម្លាំងនគរបាលជាតិ៕