(ពោធិ៍សាត់)៖ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស និងលោកស្រី ឈឹម ស៊ីណា ប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ រួមទាំងសហការី នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ បាននាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃ ត្រៀមគង់ចាំព្រះវស្សា ចំនួន០៣វត្ត គឺវត្តកែវវិជ័យ (វត្តព្រះមេគណខេត្តពោធិ៍សាត់), វត្តស្យា ក្នុងស្រុកកណ្តៀង និងវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
គួរជម្រាបជូនថា វត្តនីមួយៗត្រូវទទួលបាន ទៀនព្រះវស្សា០១គូ, អំពូលសូឡា០២គ្រឿង, អង្ករផ្កាម្លិះ១០០គីឡូក្រាម, ធូប០១ដុំ, ទៀន០១គូ, សាប៊ូលាងចាន០១ធុង, ប៉ុងលាងចាន០១ឡូតិ៍, មីជាតិ០២កេស, កូកាកូឡា០១កេស, ទឹកបរិសុទ្ធ០៤យួរ, តែ០១កញ្ចប់ធំ, ស្ករស០២កញ្ចប់, ទឹកត្រី០១ឡូតិ៍, ទឹកស៊ីអ៊ីវ០១ឡូតិ៍, ប្រេងឆា០៥លីត្រ, សៀងផ្អែម០៥គីឡូក្រាម, ប៊ីចេង០២កញ្ចប់, ខ្ទឹមស០២គីឡូក្រាម និងបច្ច័យកសាង១លានរៀល។ ក្រៅពីនោះក៏មានបច្ច័យកសាងបន្ថែម ពីសហការីមួយចំនួនទៀតផងដែរ។
លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីបុណ្យសាសនារបស់ខ្មែរយើង ដែលមានតាំងពីដូនតា នៃបុព្វបុរសនោះ គឺបុណ្យចូលព្រះវស្សា ចាប់គិតពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលមានរយៈពេល៣ខែ ដែលស្ថិតនៅក្នុងរដូវវស្សា ភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ដូចក្នុងថ្ងៃនេះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ក្នុងនាមយើងទាំងអស់គ្នាជាប្រជាពុទ្ធបរិស័ទ ដែលកាន់ព្រះពុទ្ធសាសនា បានចូលរួមចំណែកតម្កល់ចិត្ត មានសទ្ធាជ្រះថ្លា ដោយបានឯកភាពគ្នា និងដឹកនាំប្រតិភូនាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនដល់ព្រះសង្ឃ ចំនួន០៣វត្ត គឺវត្តកែវវិជ័យ, វត្តស្យា និងវត្តហង្សាបិតិ (ហៅវត្តព្រែកស្តី) ឱ្យបានមុនចូលព្រះវស្សា។
លោកស្រីបានលើកឡើងថា ក្នុងអំឡុងពេលដែលព្រះសង្ឃគ្រប់បណ្តាវត្តអារាម មិននិមន្តចេញក្រៅវត្តបាន គឺមានតែខិតខំសិក្សារៀនសូត្រនូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅ ដល់មនុស្សគ្រប់ៗរូប ឱ្យកសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ នាំមកនូវសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។
លោកស្រីបានរំលឹកថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ជានិច្ចកាលបងប្អូននារីយើង ជាភរិយាថ្នាក់ដឹកនាំ ជាអាជីវករ និងជាមន្ត្រីរាជការទាំងថ្នាក់សាខា អនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដោយស្មោះស្ម័គ្រ ជាក់ស្តែងក្នុងអំឡុងចូលព្រះវស្សាខាងមុខនេះ សាខាសមាគមនារីខេត្ត បានគ្រោងនាំយកទៀនព្រះវស្សា អង្ករ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ប្រគេនព្រះសង្ឃ សរុបចំនួន០៤វត្ត គឺវត្តកែវវិជ័យ, វត្តស្យា, វត្តហង្សាបិតិ (ហៅវត្តព្រែកស្តី), វត្តអូរសោម និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មួយកន្លែងទៀត។
លោកស្រី អាំង សុជាតា ខូយរីដា បានលើកឡើងទៀតថា សមាគមនារីដែលបង្កើតឡើងមកនេះ តែងតែចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង និងមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ តាមរយៈនេះ លោកស្រីសូមបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា របស់អស់លោក លោកស្រី បានទៅដល់អ្នកមានគុណ និងញាតិការទាំងប្រាំពីសន្តានគ្រប់ៗគ្នា៕