(ឧត្តរមានជ័យ)៖ អភិបាលរងថ្មីខេត្តឧត្តរមានជ័យ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដោយលោក ម៉េត មាសភក្តី នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ជំនួសលោក ឃិន ញ៉ាណ អតីតអភិបាលរងខេត្តឧត្តរមានជ័យ ដែលដល់អាណត្តិ និងត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងមហាផ្ទៃ និងត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។

ពិធីនេះស្ថិតក្រោមវត្តមានលោកសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

លោកសន្តិបណ្ឌិត ចាន់ អ៊ាន និងលោក មាន ចាន់យ៉ាដា បានថ្លែងនូវការចូលរួមអបអរសាទរចំពោះលោក ម៉េត មាសភក្តី នាយករងរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ ដែលត្រូវបានថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែងជាអភិបាលរងខេត្តឧត្តរមានជ័យនាពេលនេះ។

ថ្លែងនៅក្នុងឱកាសនេះដែរលោកសន្តិបណ្ឌិត ចាន់ អ៊ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តឧត្តរមានជ័យ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋ ដែលបានចូលរួមសហការយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អប្រសើរ និងសម្រេចបាននៅសមិទ្ធិផលនានា ពិសេសបានយកចិត្តទុកដាក់ចំពោះពលករដែលវិលត្រឡប់មកពីប្រទេសថៃ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងនាមលោកអភិសន្តិបណ្ឌិត ស សុខា លោកសន្តិបណ្ឌិត ចាន់ អ៊ាន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោក ឃិន ញ៉ាណ ដែលបានខិតខំបំពេញភារកិច្ចក្នុងការងារចូលរួមគ្រប់គ្រង កសាងអភិវឌ្ឍន៍ ខេត្តឧត្តរមានជ័យ ក្នុងមុខតំណែងជាអភិបាលរងខេត្តរយះពេល៨ឆ្នាំកន្លងមក ដែលធ្វើឱ្យខេត្តឧត្តរមានជ័យ មានការរីកចម្រើនលើគ្រប់វិស័យ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវរដ្ឋបាលគ្រប់ថ្នាក់ក្នុងខេត្តឧត្តរមានជ័យ ត្រូវបន្តជំរុញអនុវត្តន៍ បន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ឱ្យកាន់តែសកម្មថែមទៀត តាមរយៈការពង្រឹង ប្រតិបត្តិការ កងកម្លាំងមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យទប់ស្កាត់ បង្ក្រាប ការចែកចាយ ចរាចរណ៍ ការប្រើប្រាស់ខុសច្បាប់គ្រប់ប្រភេទ ឱ្យបានជាប់ជាប្រចាំនៅតាមក្លឹបកំសាន្ត ឫទីតាំងមួយចំនួនដែលមានការសង្ស័យ និងវិធានការផ្វព្វផ្សាយចូលរួមណែនាំ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានផងដែរ៕