(តាកែវ)៖ វីដេអូប្រមាណជា២នាទី ដែលបង្ហាញសកម្មភាពដំរីឈ្មោះ ឡាក់គី កំពុងរត់តាមម្ចាស់របស់ខ្លួន គឺលោក ទ្រី ស៊ីថេង ដែលជាអ្នកជំនាញថែទាំសត្វនៅភ្នំតាម៉ៅ របស់អង្គការ WWF។
បើតាមកិច្ចសម្ភាសជាមួយកញ្ញា រួម ឆាដា តាមប្រព័ន្ធអនឡាន, លោក ទ្រី ស៊ីថេង បានបញ្ជាក់ថាលោកបានសម្រេចចិត្តលាឈប់ពីការងារដែលលោកស្រឡាញ់ ព្រោះគ្មានជម្រើស។
លោក បានមានប្រសាសន៍ដូច្នេះថា៖ «ខ្ញុំដាក់ពាក្យលាឈប់ ព្រោះគេឱ្យខ្ញុំបញ្ចប់ការងារជាមួយខាងអង្គការ ហើយទៅបំពេញការងារផ្សេងដែលមិនមែនជាជំនាញរបស់ខ្ញុំ ហើយហាមមិនឱ្យខ្ញុំបានជួបដំរីផង អ៊ីចឹងខ្ញុំសុំឈប់តែម្ដង»។
យ៉ាងណាមិញ លោកមិនបានជម្រាបលម្អិតពីហេតុផលនៃការផ្លាស់ប្ដូរតួនាទីនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ថា លោកអាចត្រឡប់មកមើលថែដំរីបានប្រសិនជាក្រុមការងារព្រម តែប្រសិនជាមិនអនុញ្ញាតទេ លោកក៏មិនអាចបំពេញការងារខុសជំនាញរបស់លោកបាននោះដែរ។
សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានវីដេអូមួយបង្ហាញពីសកម្មភាពរបស់ដំរី ឈ្មោះ ឡាក់គី ដែលបានរត់តាមម្ចាស់ឈ្មោះ ទ្រី ស៊ីថេង ដែលលោកបានសម្រេចចិត្តលាឈប់ពីការងារក្រោយមានការផ្លាស់ប្ដូរភារកិច្ចខុសពីជំនាញរបស់លោក។ លោក ទ្រី ស៊ីថេង ជាអ្នកជំនាញថែទាំសត្វ ជាពិសេសសត្វដំរី របស់អង្គការ WWF បានបំពេញការងារនៅសួនសត្វភ្នំតាម៉ៅ តាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន៕