(ភ្នំពេញ)៖ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ដឹកនាំដោយលោក ឡៅ គឹមឈី អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ ដោយមានការចូលរួមសហការពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ បានរកឃើញថារោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក និងបង្កការបំពុលបរិស្ថាន។
បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាករណីមានផ្សែងពណ៌ខ្មៅ ចេញពីបំពង់ផ្សែងឡចំហាយ របស់រោងចក្រ XIN MEI FUSHI (CAMBODIA) CO.,LTD. ក្រុមការងារអធិការកិច្ចក្រសួងបរិស្ថាន ចុះត្រួតពិនិត្យទីតាំងរោងចក្រខាងលើ និងបានបានដាក់វិធានការចំពោះក្រុមហ៊ុនដូចខាងក្រោម៖
១- រោងចក្រត្រូវបញ្ឈប់ការដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកជាបន្ទាន់
២- រោងចក្រនឹងត្រូវរងពិន័យអន្តរការណ៍ តាមច្បាប់កំណត់
៣- រោងចក្រត្រូវស្នើសុំលិខិតអនុញ្ញាតនានា ពាក់ព័ន្ធនឹងវិស័យបរិស្ថាននៅក្រសួងបរិស្ថាន
៤- ទុកដាក់កម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកនៅឱ្យឆ្ងាយពីឡចំហាយ ហាមដាច់ខាតយកទៅដុត
៥- រោងចក្រត្រូវប្រើប្រាស់ក្រុមហ៊ុនប្រមូល ទុកដាក់ ដឹកជញ្ជូនសំរាមសំណល់រឹង ដែលមានអាជ្ញាបណ្ណ ត្រឹមត្រូវស្របច្បាប់ស្ថិតក្នុងដែនសមត្ថកិច្ច
៦- រោងចក្រត្រូវកែសម្រួលបច្ចេកទេសឡចំហាយ បំពាក់ដំរងច្រោះផ្សែងឱ្យត្រូវតាមស្តង់ដាកំណត់។
សូមបញ្ជាក់ថា ក្រុមហ៊ុន XIN MEI FUSHI (CAMBODIA) CO.,LTD. ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ បើកដំណើរការនៅដើម ឆ្នាំ២០២៥ និងមានបុគ្គលិកសរុបចំនួន ២៥០នាក់។ រោងចក្របានដុតកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិក ដើម្បីដំណើរការឡចំហាយ និងមានរក្សាទុកកម្ទេចក្រណាត់ និងសំណល់ប្លាស្ទិកលាយជាមួយអុស នៅក្បែរឡចំហាយ និង ពុំទាន់មានលិខិតអនុញ្ញាតផ្សេងៗទាក់ទងនឹង ការគ្រប់គ្រងបរិស្ថាននៅឡើយ។ ក្រុមការងារក្រសួងបរិស្ថាន បានចាត់វិធានការដល់រោងចក្រឱ្យអនុវត្តរាល់បណ្តាចំណុចបញ្ជាកែប្រែខាងលើឱ្យមានប្រសិទ្ធភាព គិតចាប់ពីថ្ងៃចុះត្រួតពិនិត្យនេះតទៅ។ ក្នុងករណី ម្ចាស់រោងចក្រ មិនបានអនុវត្តនូវវិធានការច្បាប់ខាងលើ ក្រសួងបរិស្ថាននឹងអនុវត្តទៅតាមវិធានការច្បាប់ដែលមានជាធរមានជាបន្តទៀត។
សូមបញ្ជាក់ជូនបន្ថែមថា រោងចក្របានប្រព្រឹត្តបញ្ចេញសារធាតុកាបូនម៉ូណូអុកស៊ីត (CO) លើសស្តង់ដារ គឺល្មើសនឹងមាត្រា១៥៦ មាត្រា៣១២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៥និងមាត្រា៨ នៃអនុក្រឹត្យលេខ ៤២ អនក្រ.បក ស្តីពីការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង
* បញ្ចេញក្លិនពុលពីឡដុតរំលាយសារធាតុជ័រ គឺល្មើសនឹងមាត្រា៣១៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ
* ដំណើរការបញ្ចេញសារធាតុបំពុលខ្យល់ ពុំមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន គឺល្មើសនឹងមាត្រា៣១៤ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា១៣ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង
* ពុំមានបំពាក់បរិក្ខារប្រព្រឹត្តកម្មសារធាតុបំពុលខ្យល់នៅទីតាំងឡស្លរំលាយជ័យ គឺល្មើសនឹងមាត្រា៣១៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា២៤ នៃអនុក្រឹត្យស្តីពី ការត្រួតពិនិត្យការបំពុលខ្យល់ និងការរំខានដោយសំឡេង៕