(កំពង់ឆ្នាំង)៖ លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខកុមារកំព្រា និងបាននាំយកនូវអំណោយ និងថវិកាជូនដល់កំព្រា និងលោកគ្រូ អ្នកគ្រូ មើលថែទាំកុមារកំព្រា នៅមណ្ឌលកុមារកំព្រា ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់អ្នកគ្រូ ដែលមានភារកិច្ចមើលថែទាំកុមារកំព្រាទាំងអស់ ត្រូវយកចិត្តទុកដាក់មើលថែទាំ ទាំងផ្នែកជីវភាព សុខភាព រួមទាំងការសិក្សាឲ្យបានដិតដល់ ជាពិសេសយកចិត្តទុកដាក់ទៅលើសម្លៀកបំពាក់ និងសម្ភារៈសិក្សាត្រូវផ្គត់ផ្គង់ដល់ពួកគេឲ្យបានសមរម្យ កុំឲ្យមានការខ្វះខាត បើជាប់ប្រទះនូវការខ្វះខាតណាមួយ ប្រញាប់ទាក់ទងទៅកាន់អាជ្ញាធរក្រុង ឬរដ្ឋបាលខេត្ត ដើម្បីចុះដោះស្រាយជូនឲ្យបានទាន់ពេលវេលា។

លោក ស៊ុន សុវណ្ណារិទ្ធិ ក៏បានណែនាំដល់ឲ្យអាជ្ញាធរក្រុង ត្រូវចាត់កម្លាំងសមត្ថកិច្ច និងប្រជាការពារចុះប្រចាំការនៅក្នុងមណ្ឌលទាំងយប់ទាំងថ្ងៃ ចៀសវាងខ្លាចក្រែងមានក្រុមក្មេងទំនើង ចូលមកធ្វើសកម្មភាពអុកឡុករំខានដល់ការរស់នៅក្នុងមណ្ឌល។

ចំណែកស្តូបអនុស្សាវរីយ៍ដែលបានសាងសង់នៅក្នុងមណ្ឌលកុមារកំព្រា លោកអភិបាលខេត្ត មានគម្រោងរើចេញដោយត្រូវយកទៅសាងសង់នៅសួនច្បារមាត់ទន្លេផ្សារក្រោមវិញ ដើម្បីកុំឲ្យក្មេងៗមិនល្អមួយចំនួនចូលមកពេលយប់អធ្រាត្រដោយយកទីតាំងនេះ ដើម្បីប្រើប្រាស់គ្រឿងញៀន ឬបង្កនៅកម្មភាពមិនល្អផ្សេងៗ ដែលធ្វើឲ្យរំខានដល់ការរស់នៅ ម្យ៉ាងដើម្បីឲ្យទីតាំងនេះមានភាពទូលាយ សម្រាប់ធ្វើជាទីកីឡាដ្ឋាននានាសទុកហាត់កីឡាជាប្រយោជន៍ដល់សុខភាព។

នៅក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខដល់កុមារកំព្រាខាងលើនេះ ដែលមានចំនួន១៥នាក់ លោកអភិបាលខេត្ត និងក្រុមការងារក៏បាននាំយកនូវគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកាមួយចំនួនផ្ដល់ជូនកុមារកំព្រា និងលោកគ្រូ អ្នកគ្រូផងដែរ ក្នុងនោះមាន៖ អង្ករចំនួន២០០គីឡូក្រាម, ទឹកក្រូច៥កេស, ទឹកសុទ្ធ៥កេស, មី១០កេស, ទឹកស៉ីអ៉ីវ៥យួរ, ទឹកត្រី៥យួរ, ត្រីខ៥យួរ, សាប៊ូ៥កញ្ចប់, ទឹកដោះគោក្រដាស់១០កេស និងថវិកាចំនួន១លាន៤០ម៉ឺនរៀល៕