(ភ្នំពេញ)៖ ពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ហើយទទួលបានការងារធ្វើភ្លាមៗ និងសហជីពនៅកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ខណៈបច្ចុប្បន្នកម្ពុជាមានឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ ហើយការងារទាំងនោះផ្តល់ប្រាក់ចំណូលមិនចាញ់ប្រទេសថៃនោះឡើយ។
លោកស្រី សន ស៊ីធឿន ជាពលករខ្មែរមួយរូបដែលទើបត្រឡប់មកពីប្រទេសថៃ ហើយទទួលបានឱកាសការងារថ្មីភ្លាមនៅតំបន់សេដ្ឋកិច្ចចេជាង ខេត្តកោះកុង បាននិយាយថា លោកស្រីបានទទួលការងារធ្វើភ្លាមៗបន្ទាប់ពីត្រឡប់មកពីប្រទេសថៃ ដែលឱកាសការងារនេះទទួលបានតាមរយៈការយកចិត្តទុកដាក់ពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោកស្រីបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកធ្វើការងារក្នុងប្រទេសកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាមិនខ្វះឱកាសការងារនោះទេ។
លោកស្រីបានបន្ដថា៖ «ខ្ញុំសូមអំពាវនាវដល់ពលករខ្មែរដែលនៅស្រុកថៃ មកប្រទេសខ្មែរយើងមកមិនចេះខ្វះទេការងារធ្វើ រាជរដ្ឋាភិបាល រៀបចំការងារល្អៗឱ្យធ្វើមានទីកន្លែង ស្នាក់នៅល្អៗ។ មកដល់ភ្លាមមានការងារធ្វើភ្លាម ថៅកែល្អណាស់ បានរៀបចំកន្លែងស្នាក់នៅ បាយទឹកឱ្យអត់មានការលំបាកអីទេ»។
រីឯ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមើលឃើញថា អ្វីដែលជាការព្រួយបារម្ភបំផុតនោះគឺ ក្រុមជ្រុលនិយមថៃតែងតែយកពលករខ្មែរក៏ដូចជា ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារនៅប្រទេសថៃ ធ្វើជាសត្រូវរបស់ខ្លួនហើយមានចេតនាចង់យាយីធ្វើបាបគ្រប់រូបភាព ហេតុនេះអ្វីដែលល្អបំផុតសូមឱ្យបងប្អូនវិលត្រឡប់ មកធ្វើការក្នុងស្រុកវិញ។
លោកបានបន្ដថា៖ «បើនៅប្រទេសថៃត្រូវគេមើលងាយមើលថោក គេមានចេតនាចង់យាយីធ្វើបាបយ៉ាងណានោះ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ យើងត្រឡប់មកធ្វើការងារក្នុងស្រុកវិញ ព្រោះស្រុកយើងឥឡូវមិនខ្វះការងារធ្វើទេ រោងចក្រសហគ្រាស ក្រុមហ៊ុននៅកម្ពុជាត្រូវការកម្លាំងពលកម្មជាច្រើនម៉ឺននាក់ ហើយក្រសួងការងារបានយកចិត្តទុកដាក់ជូនបងប្អូនដល់កន្លែងការងារតែម្តង»។
ចំណែកឯ លោក ហង្ស រ៉ាវី ប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានលើកឡើងថា កម្ពុជាបច្ចុប្បន្នមានការងារសម្បូរបែបរាប់សិបម៉ឺនកន្លែង ពោលគឺកម្ពុជាមិនខ្វះការងារ សម្រាប់បងប្អូនពលករខ្មែរត្រឡប់ពីប្រទេសថៃមកប្រទេសកំណើតវិញនោះទេ។ លោកលើកឡើងទៀតថា ការត្រឡប់មកធ្វើការងារនៅក្នុងប្រទេសវិញ គឺជាការចាំបាច់និងបង្ហាញពី មនសិការស្នេហាជាតិ ក៏ដូចជាចូលរួមលើកកម្ពស់ការងារក្នុងស្រុកកាន់តែរីកចម្រើនឆាប់រហ័សថែមទៀត។
ជាថ្មីម្ដងទៀត លោក ហង្ស រ៉ាវី បានបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនពលករខ្មែរនៅប្រទេសថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ បង្ហាញពីឆន្ទៈក៏ដូចជាមនសិការស្នេហាជាតិ ហើយនៅកម្ពុជាយើងមានឱកាសការងាររាប់សិបម៉ឺនកន្លែងចាំទទួលបងប្អូន»៕