(ភ្នំពេញ)៖ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយនៃក្រសួងព័ត៌មាន ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានកត់ត្រាព័ត៌មានក្លែងក្លាយ ប្រមាណ១,៨០០ករណី ខណៈត្រីមាសទី២ បានឃើញចំនួនព័ត៌មានក្លែងក្លាយមានការកើនឡើងជាពិសេសលើប្រធានស្តីពីព្រំដែន ក្នុងស្ថានភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ បានកើតឡើងចាប់តាំងពីចុងខែឧសភា រហូតមក។ ចំនួនព័ត៌មានក្លែងក្លាយពាក់ព័ន្ធតែនឹងប្រធានបទព្រំដែនកម្ពុជា-ថៃ ដែលគណៈកម្មការបានកត់ត្រាទុក មានប្រមាណជាង ១៨០ករណី ក្នុងត្រីមាសទី២ ឆ្នាំ២០២៥នេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា នេះជាចំនួនព័ត៌មានក្លែងក្លាយស្តីពីប្រធានព្រំដែន ដែលមានចំនួនខ្ពស់ដែលពុំធា្លប់ត្រូវបានកត់ត្រាទុកពីមុនមកទេ ក្នុងចំណោមព័ត៌មានក្លែងក្លាយទាំងនេះ ក៏មានប្រភេទព័ត៌មានក្លែងក្លាយ ដែលត្រូវបានគេបង្កើតឡើងដោយប្រើប្រាស់បច្ចេកវិទ្យា Ai រួមមានទាំងការក្លែងសំឡេងរបស់ថ្នាក់ដឹកនាំកម្ពុជា ស្ថាប័នរដ្ឋ ឯកជន ពលរដ្ឋ និងការក្លែងរូបភាពផ្សេងៗមួយចំនួនទៀត ប្រមាណជាង១០ករណី ដែលត្រូវបានគេយកទៅប្រើប្រាស់ក្នុងគោលបំណងក្លែងបន្លំបោកប្រាស់ ឬកេងចំណេញផ្នែកសេដ្ឋកិច្ច នយោបាយ ព្រមទាំងមួយចំនួនទៀតបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ កិត្តិយសរបស់ថ្នាក់ដឹកនាំ ឯកជនភាព និងសេចក្តីថ្លៃថ្នូរពលរដ្ឋដទៃផ្សេងទៀតផងដែរ។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា ក្នុងវិបត្តិព្រំដែនកម្ពុជាថៃ មានការចែកចាយ និងផ្សាយព័ត៌មានក្លែងក្លាយស្ទើររាល់ថ្ងៃ ជាពិសេសលើបណ្តាញសង្គម និងមានប្រភពពីក្រៅប្រទេស ដោយសារសារព័ត៌មាន និងអ្នកបង្កើតបង្កើតមាតិកាបណ្តាញសង្គមមួយចំនួនដែលផ្សាយពីក្រៅប្រទេស រួមទាំងពីក្នុងប្រទេសថៃផង ពុំបានគោរពនិយាមវិជ្ជាជីវៈសារព័ត៌មាន គ្មានគុណធម៌ក្នុងការអនុវត្តអាជីពសារព័ត៌មាន បានប្រព្រឹត្តទង្វើបំពានក្រមសីលធម៌ដែលធ្វើឱ្យបាត់តម្លៃ លែងស័ក្តិសមនឹងឈ្មោះ និងកេរ្តិ៍ឈ្មោះខ្លួនដែលគេធា្លប់ឱ្យតម្លៃពីមុនមកឡើយ។

ជាមួយគ្នានេះដែរ លោកបានបន្តថា ទាំងនោះគឺដោយសារតែសារព័ត៌មាន និងអ្នកបង្កើតបង្កើតមាតិកាជ្រុលនិយមទាំងនោះបានក្បត់នឹងមនសិកាវិជ្ជាជីវៈខ្លួន ហើយពុំបានផ្តល់សុចរិតភាព តម្លាភាព ភាពឥតលម្អៀង និងតុល្យភាពព័ត៌មាន ដល់ការផលិត និងការផ្សាយរបស់ខ្លួនឡើយ ប៉ុន្តែ ផ្ទុយទៅវិញបានប្រើសារព័ត៌មានជាឧបករណ៍សម្រាប់បម្រើឱ្យនយោបាយក្រុមជ្រុលនិយមមួយចំនួន ដែលមិនស្រលាញ់សន្តិភាព ឬព្យាយាមគេចវេសពីផ្លូវច្បាប់/ច្បាប់អន្តជាតិក្នុងការដោះស្រាយវិបត្តិព្រំដែនរវាងប្រទេសនិងប្រទេស ដែលនេះគឺបានធ្វើឱ្យខូចតម្លៃសារព័ត៌មានអាជីពទាំងក្នុងប្រទេសខ្លួន ក្នុងតំបន់ និងលើសកលោក។

លោក ទេព អស្នារិទ្ធ បានបន្ថែមថា កម្ពុជាបានទទួលរងគ្រោះ និងប្រឈមនឹងផលវិបាកចេញពីទង្វើអសីលធម៌ គ្មានវិជ្ជាជីវៈទាំងនេះ ពោលគឺប៉ះពាល់ដល់ការកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តយន្តការដោះស្រាយវិបត្តិ ដែលកំពុងស្មុគស្មាញស្រាប់ ឱ្យកាន់តែមានភាពតានតឹងឡើង ប៉ះពាល់ដល់ការគ្រប់គ្រង ដំណើរការប្រក្រតីភាព និងជាពិសេសដល់ជីវភាពនិងការរស់នៅប្រចាំថ្ងៃទាំងរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាពលរដ្ឋនិងវិស័យជាច្រើនក្នុងប្រទេស(ថៃ)ខ្លួន។ ជាពិសេសជាងនេះទៅទៀត ការចែកចាយ និងផ្សាយព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ឬស្រង់ពីប្រភពបំផ្លើស បំភ្លៃ គ្មានក្រមសីលធម៌ វាបានជះឥទ្ធិពលអាក្រក់ដល់ និងអាចបង្កមហន្តរាយដល់សន្តិសុខជាតិ បង្កហានិភ័យនិងគ្រោះថ្នាក់ដល់មន្ត្រីដែលអនុវត្តច្បាប់ ឬត្រូវបំពេញបេសកកម្មរបស់ខ្លួនក្នុងការការពារដែនសីមា ក៏ដូចជាបង្កអរិភាព ការរើសអើងនានា ប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសនិងប្រទេសខណៈវិបត្តិកំពុងបន្តកើតមាន។

ទន្ទឹមនឹងនេះ លោក ទេព អស្នារិទ្ធ បានថ្លែងថា អ្នកសារព័ត៌មានគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ក្នុងអំឡុងពេលនៃវិបត្តិបែបនេះ ត្រូវដើរតួនាទីសំខាន់ខ្លាំងឡើងក្នុងការធានាថាការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនមិនបង្កឱ្យមានការភាន់ច្រឡំដល់សាធារណៈជនកម្ពុជា និងថៃ ដោយត្រូវធានាតុល្យភាពព័ត៌មាន ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយដាច់ខាតមិនត្រូវប្រើអារម្មណ៍ផ្ទាល់ខ្លួន ឬស្រង់សំដីក្រឡិចក្រឡុច ឬដកស្រង់ពាក្យចចាមអារាម ដើម្បីធ្វើការរាយការណ៍ព័ត៌មានរបស់ខ្លួនឡើយ ព្រោះវាជាទង្វើប្រាសចាកក្រមសីលធម៌វិជ្ជាជីវៈ។

អ្នកសារព័ត៌មានត្រូវចូលរួមធ្វើឱ្យស្ថានភាពវិបត្តិឈានទៅរកភាពប្រក្រតីវិញ ដោយត្រូវរាយការណ៍ដោយឈរលើភាពសុចរិត ស្មោះត្រង់ ភាពត្រឹមត្រូវ មិនលម្អៀង ត្រូវផ្សាយដោយស្រង់ព័ត៌មានពីប្រភពផ្លូវការរបស់ក្រសួង សា្ថប័ន និងសមត្ថកិច្ចពាក់ព័ន្ធ និងជៀសវាងការផ្សព្វផ្សាយពាក្យចចាមអារាម ឬការនិយាយ/ចែកចាយតៗគ្នា ឬការស្មានៗ ដោយគ្មានប្រភពច្បាស់លាស់ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារសន្តិសុខជាតិ កងទ័ព ឬការសម្ងាត់ផ្នែកយោធា។ ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត។

អ្នកនាំពាក្យក្រសួងព័ត៌មាន សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកព័ត៌មានអាជីព មិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គម ឱ្យបង្កើនការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ចែកចាយព័ត៌មាន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជននិងត្រូវចូលរួមតម្កល់ប្រយោជន៍ជាតិជាធំក្នុងស្ថានភាពវិបត្តិដូចនេះ ដោយត្រូវគិតគូរដល់ផលប៉ះពាល់ដែលអាចកើតមានឡើង និងផលវិបាកក្នុងរយៈពេលវែងចេញពីការរាយការណ៍ទាំងនោះ ប្រសិនវាជាព័ត៌មានក្លែងក្លាយ ឬការបំភ្លៃការពិត៕