(ឧត្តរមានជ័យ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ជូនដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅជួរមុខតាមបណ្ដោយព្រំដែនទិសទី២ និងទិសទី៣ ខេត្តឧត្តរមានជ័យ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់មកពីមជ្ឍដ្ឋានផ្សេងៗគ្នា ក្នុងនោះមានតំណាងមកពីវស័យរដ្ឋ វិស័យឯកជន គ្រឹះស្ថានឧត្តមសិក្សា ដែលបានចំណាយពេលវេលា និងធនធាន មកដល់ទីតាំងដើម្បីផ្តល់ជាកម្លាំងចិត្ត និងការគាំទ្រដល់កងទ័ពជួរមុខ។ ជាមួយគ្នានេះ លោកបានកោតសរសើរ និងបង្ហាញនូវមោទនភាព ដែលទទួលបានភាពកក់ក្តៅជាស្មារតីរួម ក្រោមការត្រៀមខ្លួនយ៉ាងស្វាហាប់របស់កងកម្លាំងមិនរាថតក្នុងការការពារបូរណភាពទឹកដី។
ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បានលើកឡើងថា «ចំពោះកិច្ចការការពារបូរណភាពទឹកដី និងមុខមាត់ប្រទេសជាតិ ប្រជាជាជនខ្មែរ ត្រូវតែរួបរួមគ្នា» ដោយក្នុងនោះ លោកបានគូសបញ្ជាក់ពីការចូលរួមរបស់ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ។ សារថ្មីម្តងទៀត លោកបានថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ដែលបានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន៤០លានរៀល មកកាន់សហភាពសហព័ន្ធយុវជនកម្ពុជា សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្ដមជូនដល់កងទ័ពជួរមុខ នៅខេត្តព្រះវិហារ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីផងដែរ។
អំណោយដែលនាំយកមកប្រគល់ជូនកងទ័ពនាពេលនេះ គឺជាការរួមពីសមាជិក សមាជិការ ស.ស.យ.ក. វិស័យឯកជន គ្រឹះស្ថានអប់រំ និងបងប្អូនប្រជាពលរដ្ឋ ដែលបង្ហាញពីការគាំទ្រពីសមភូមិក្រោយ (ប្រជាជន) ដល់កងទ័ពដែលឈរត្រៀមនៅសមរភូមិមុខ។
សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្ដួចផ្ដើមរៀបចំកម្មវិធីដំណើរថ្មើរជើង «Solidarity March» ដែលមានការចូលរួមពីប្រជាជនកម្ពុជា ប្រមាណ១៥មុឺននាក់ ក្នុងស្មារតីគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា លើការដោះស្រាយបញ្ហាព្រំដែនជាមួួយប្រទេសជិតខាងក្រោមស្មារតី «ខឿនការពារជាតិប្រជាជន ជាខែលការពារជាតិដ៏រឹងមាំ»៕