(ភ្នំពេញ)៖ នាយករដ្ឋមន្ដ្រីសិង្ហបុរី លោក Lawrence Wong បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដោយបង្ហាញពីជំហរថា លោកសង្ឃឹមថា កម្ពុជា-ថៃ នឹង​ដោះ​ស្រាយ​បញ្ហា​ដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោអនុញ្ញាតឲ្យ លោក Lawrence Wong នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរី ដែលបំពេញទស្សនកិច្ចនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយដែលបានជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី និងសហការី ហើយ សម្ដេចតេជោ បានចាត់ទុកដំណើរទស្សនកិច្ចរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរីមកកាន់ប្រទេសកម្ពុជា នៅពេលនេះ នឹងរួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនង រវាងកម្ពុជា និងសិង្ហបុរីឲ្យកាន់តែរីកចម្រើន និងល្អប្រសើរ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានគូសរំលេចថា កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងជាមួយគ្នាយ៉ាងយូរអង្វែងកន្លងមកដែលពេលនេះមានរយៈពេល ៦០ឆ្នាំមកហើយ ដែលចាប់ផ្ដើមចេញពី ទំនាក់ទំនងកាលពីសម័យព្រះករុណា ព្រះបរមរតនកោដ្ឋ អំឡុងពេលដែលព្រះករុណា ព្រះបរមរតនកោដ្ឋទទួលនៅដំណើរទស្សនកិច្ចរបស់​ លោក លីក្វាន់យូរ ដែលជាអតីតនាយករដ្ឋមន្រ្តីសិង្ហបុរី នាពេលនោះ។ ដូច្នេះរយៈពេល ៦០ឆ្នាំមកនេះ ទំនាក់ទំនងនៃប្រទេសទាំងពីរមានភាពរីកចម្រើនជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី បានសម្ដែងនូវការអរគុណ​ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឲ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោក Lawrence Wong ក៏បានរំលេចនូវទំនាក់ទំនងជាពិសេស នៅក្នុងឆ្នាំ២០២៥នេះ គឺជាខួប៦០ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដោយកម្ពុជា និងសិង្ហបុរីមានទំនាក់ទំនងដ៏ល្អជាយូរអង្វែងជាមួយគ្នា ហើយតួអង្គរបស់សម្ដេចតេជោ គឺជាតួអង្គមួយដែលបានពង្រីក និងពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន ដោយសម្ដេចតេជោ បានធ្វើការជួបជាមួយនឹងបណ្ដារមេដឹកនាំទាំងឡាយរបស់សិង្ហបុរី នាពេលកន្លងមកដែលជាផ្នែកមួយញ៉ាំងឲ្យទំនាក់ទំនងកាន់តែល្អប្រសើរឡើង។ មកដល់ពេលនេះ កម្ពុជាមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងបន្តពូនជ្រំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើនល្អប្រសើរផងដែរ។ នេះបើតាមការលើកឡើងរបស់ នាយករដ្ឋមន្ត្រីសិង្ហបុរី។

បើតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន​ សែន, សម្ដេចបានកត់សម្គាល់នូវជើងហោះហើរទៅវិញទៅមក រវាងប្រទេសទាំងពីរគឺមានចំនួនច្រើនហើយ ក៏ប៉ុន្តែសម្ដេចចង់ឲ្យប្រទេសទាំងពីរបង្កើនជើងហោះហើរទៅវិញទៅមក ជាពិសេសគឺជើងហោះហើរត្រង់ពីសិង្ហបុរីមកកាន់កម្ពុជាផ្ទាល់តែម្ដង ដោយនៅពេលខាងមុខកម្ពុជានឹងមានព្រលានយន្តហោះថ្មីមួយ ហើយនៅពេលដែលមានជើងហោះហើរច្រើន ប្រទេសទាំងពីរនឹងបានផ្ដល់ផលប្រយោជន៍ទៅវិញទៅមក និងបានពង្រឹងវិស័យទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន មិនរំលងនោះឡើយនូវការលើកឡើងពីទំនាស់ព្រំដែនរវាងកម្ពុជា និងថៃ ដែលផ្តើមចេញពីការឈ្លានពានរបស់ទ័ពថៃ។ នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពី ស្ថានភាពចុងក្រោយ អំពីបញ្ហាព្រំដែនកម្ពុជា និងថៃ និងគូសបញ្ជាក់ពីចំណុចចាប់ផ្ដើមនោះគឺ កាលពីថ្ងៃទី២៨ ខែឧសភា ទាហានថៃបានឆ្លងដែនមកបាញ់សម្លាប់យុទ្ធជនកម្ពុជាម្នាក់ បន្ទាប់មកថៃបន្តបិទព្រំដែនដោយឯកតោភាគី។ ដូច្នេះកម្ពុជាបានទទួលរងនូវការប្រមាថជាបន្តបន្ទាប់តាមរយៈ ការបិទអគ្គីសនី បិទអ៊ិនធើណិត និងប្រមាថមកលើពលករកម្ពុជា ជាពិសេសព្រមាននូវការមិនលក់ប្រេងមកកម្ពុជាជាដើម ចំណុចដែលសំខាន់នោះគឺ ការប្រមាថទៅកាន់សម្ដេចតេជោ ហ៊ុន សែន ដែលជាតួរអង្គសំខាន់ធ្វើឲ្យកម្ពុជាមិនអាចទទួលយកបានចំពោះទង្វើរបស់ថៃ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការសោកស្ដាយចំពោះបញ្ហានេះ ដែលសម្ដេចតេជោ ពិតជាមិនចង់ឲ្យកើតមានឡើងនោះទេ ជាពិសេសការកើតឡើងនៅក្នុងតំបន់អាស៊ាន។ ក្នុងន័យនេះ សម្ដេចតេជោ ចង់ឃើញនូវការរួមសាមគ្គីគ្នា នៅក្នុងបណ្ដារប្រទេសអាស៊ានដែលមិនចង់ឲ្យមេដឹកនាំអាស៊ានឈឺក្បាលចំពោះបញ្ហានេះទេ។ យ៉ាងណាក្ដី សម្ដេចតេជោ បានបញ្ជាក់បន្ថែមថា ជំហររបស់កម្ពុជាគឺការដោះស្រាយបញ្ហាតាមសន្តិវិធី និងឈរលើច្បាប់អន្តរជាតិ​។ ជុំវិញបញ្ហានេះ សម្ដេចតេជោ​ ចង់ឲ្យមានការជំរុញញការដោះស្រាយបញ្ហាទៅតាម តុលារយុត្តិធម៌អន្តរជាតិ (ICJ)។

ជាការឆ្លើយតប នាយករដ្ឋមន្ត្រីសិង្ហបុរី បានលើកឡើងដោយអរគុណចំពោះសម្ដេចតេជោ ដែលប​ានពន្យល់​យ៉ាងពឹស្ដារអំពីបញ្ហាបច្ចុប្បន្នភាពរវាងកម្ពុជា និងថៃ​។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីសិង្ហបុរី បានយល់ស្របក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី និងតាមយន្តការនៃច្បាប់អន្តរជាតិ ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong សង្ឃឹមថា សន្តិភាពនឹងកើតមាននៅតំបន់អាស៊ាន ហើយភាគីទាំងពីរនឹងព្យាយាមអត់ធ្មត់ក្នុងការដោះស្រាយបញ្ហា ដោយឈរលើច្បាប់អន្តរជាតិ និងយន្តការសន្តិភាពទ្វេរភាគី៕