(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យតាមដងផ្លូវជាតិ ចាប់ពីស្រុកបាធាយ ស្រុកជើងព្រៃ ស្រុកព្រៃឈរ ហូតដល់ចំណុចផ្លូវបំបែកត្រើង ក្នុងស្រុកកំពង់សៀម ក្នុងគោលបំណងដើម្បីរៀបចំសោភ័ណភាពផ្លូវ ដើម្បីជាការអបអរសាទរដែលព្រះមហាក្សត្រ ព្រះអង្គយាងជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យរុក្ខទិវា នៅស្រុកចំការលើ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ដើម្បីជាការអបអរសាទរ ក្នុងឱកាសបុណ្យរុក្ខទិវា ក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខនេះ អាជ្ញាធរខេត្តកំពង់ចាម រួមជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យមើល សកម្មភាពការងារស្ថាបនា លើកកម្ពស់គុណភាពផ្លូវជាតិលេខ៧ ដែលមកដល់ពេលនេះ ដំណើរការក្នុងការអ៊ុតកៅស៊ូ នៅសល់ប្រវែង ៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម។
លោកអភិបាលខេត្ត បានបន្តថា បន្ទាប់ពីការចុះពិនិត្យនោះ អាជ្ញាធរខេត្ត បានណែនាំឱ្យខាងក្រុមហ៊ុនអ្នកទទួលការ ជំរុញការស្ថាបនា ការអ៊ុតកៅស៊ូ បង្ហើយប្រវែង៦គីឡូម៉ែត្រនោះឲ្យរួចរាល់នៅថ្ងៃទី៧ ខែកក្កដា ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រតិភូ ដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យរុក្ខទិវាខាងមុខនេះ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ការងារខាងលើនេះ ខាងក្រុមហ៊ុនទទួលការ បានឯកភាពធ្វើការបន្ថែមកម្លាំង ដើម្បីជំរុញការងារអ៊ុតកៅស៊ូម៉ិច បង្ហើយប្រវែង៦គីឡូម៉ែត្រនោះ។
ជាងនេះទៅទៀត លោកអភិបាលខេត្ត បានណែនាំអាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ឲ្យធ្វើការពង្រឹងលើសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឲ្យបានស្រស់ស្អាតផងដែរ៕