(រតនគិរី)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍ទេសចរណ៍ថ្មីមួយទៀត របស់ខេត្តរតនគិរី ក្នុងឆ្នាំ២០២៥ ដើម្បីជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង (Green Season)។

ក្នុងព្រឹត្តិការណ៍ដ៏ថ្មី ប្លែក និងទាក់ទាញនេះ មានការអញ្ជើញចូលរួមពីលោក ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី លោក គិត ទ្រី តំណាងរាស្ត្រមណ្ឌលខេត្តរតនគិរី លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្ត តំណាងលោក លោកស្រី អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងប្រតិបត្តិករទេសចរណ៍ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងលោកយាយ លោកតា អ៊ំ ពូ មីង ប្អូនៗសិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ថ្លែងក្នុងពិធីដ៏អធិកអធមនេះ រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងថា ព្រឹត្តិការណ៍សម្លចាណាងឆ្នាំងយក្សលើកទី១នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ម្ហូបអាហារ ពិតជាមានលក្ខណៈពិសេសដោយឡែកមួយ ដែលបានបង្ហាញអំពី អត្តសញ្ញាណរបស់ខេត្តរតនគិរី គឺសម្លចាណាងរបស់បងប្អូនជនជាតិដើមភាគតិច ដែលមានតាំងពីយូរលង់ណាស់មកហើយ និងមានឱជារសឆ្ងុយឆ្ងាញ់ ព្រមទាំងផ្តល់នូវសុខភាពល្អ ពិសេសបានជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។

សូមជម្រាបជូនថា ព្រឹត្តិការណ៍ «សម្លចាណាងឆ្នាំងយក្ស» លើកទី១ ឆ្នាំ២០២៥ បានប្រារព្ធរយៈពេល ២ថ្ងៃគឺ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា នៅបរិវេណគ្រួសារដំរី មាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕