(កំពង់ឆ្នាំង)៖ លោកតា លោកយាយ៣នាក់ ដែលជាអតីតយុទ្ធជន និងជាជនពិការដៃម្ខាង បានដង្ហោយសុំក្តីមេត្តាករុណាពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំសាលាឧទ្ធរណ៍ភ្នំពេញ បន្តជួយដល់ពួកគាត់ដែលបានរងបណ្ដឹងជាលើកទី២ នៅសាលាឧទ្ធរណ៍ភ្នំពេញពីបុគ្គលម្នាក់ ដែលមានទ្រព្យធនតាមព្យាបាទគ្រួសាររបស់ពួកគាត់ ដោយគ្មានប្ដីមេត្តា និងអាណិតអាសូរ ដល់ក្រុមគ្រួសាររបស់ពួកគាត់ ដែលមានជីវភាពក្រីក្រសោះឡើយ។
សាលាឧទ្ធរណ៍ភ្នំពេញ បានដេញដីកាកោះឲ្យគាត់ចូលបំភ្លឺនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក ក្រោយលើកពេលម្តងរួចមកហើយ។
គ្រួសារអតីតយុទ្ធជនទាំង៣នាក់ខាងលើនេះ ទី១៖ឈ្មោះ ព្រំ សាង អាតុ៥៩ឆ្នាំ ជាអតីតយុទ្ធជនត្រូវបានចូលនិវត្តន៍ ដោយសារធ្លាក់ខ្លួនពិការដាច់ដៃម្ខាងនៅក្នុងសមរភូមិប្រយុទ្ធព្រំដែនខ្មែរ-ថៃ អំឡុងឆ្នាំ១៩៨៤, ទី២៖ឈ្មោះ ម៉ោញ ជន អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធរបស់លោកតា ព្រំ សាង, និងទី៣៖ឈ្មោះ ម៉ោញ សុន អាយុ៧១ឆ្នាំ ជាស្ត្រីមេម៉ាយ និងត្រូវជាបងស្រីបង្កើតរបស់លោកយាយ ម៉ោញ ជន។ ពួកគាត់ទាំង៣នាក់រស់នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
បើតាមការរៀបរាប់ ប្រាប់ភ្នាក់ងារ Fresh News កាលពីពេលកន្លងទៅ បានឲ្យដឹងថា កាលអំឡុងឆ្នាំ២០១៧ ពួកគាត់ទាំង៣នាក់ ត្រូវបានបុគ្គលម្នាក់រស់នៅក្នុងឃុំជាមួយគ្នាបានប្ដឹងពួកគាត់ទៅតុលាការ ពីបទព្រហ្មទណ្ឌ រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ពួកគាត់ទាំង៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ ដោយតម្រូវឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងឲ្យសងសំណងរដ្ឋប្បវេណីទៅឲ្យដើមបណ្ដឹងចំនួន៨លានរៀល។ រហូតមកដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ឆ្នាំង ក៏បានសើរើសំណុំរឿងនេះឡើងវិញ បន្ទាប់មកក៏បានលើកលែងការចោទប្រកាន់ និងបានដោះលែងឲ្យពួកគាត់ទាំង៣នាក់ ឲ្យមានសេរីភាពវិញផងដែរ។
លោកតា លោកយាយទាំង៣នាក់ បញ្ជាក់បន្ថែមថា ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ពួកគាត់ទាំង៣នាក់ បានទទួលដីកាមួយពីសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានកោះហៅពួកគាត់ទាំង៣នាក់ ឲ្យចូលទៅកាន់សាលាឧទ្ធរណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង២៖០០នាទីរសៀលជាកំណត់ ដើម្បីជំនុំជម្រះលើបណ្ដឹងឧទ្ធរណ៍ពីបទធ្វើឲ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស)។ ប៉ុន្តែត្រូវបានពន្យារពេល រហូតមានដីកាកោះហៅម្តងទៀត កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ តែដីកាទើបតែដល់ដៃលោកតា និងលោកតានៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥។
តាមដីកាកោះ តម្រូវឲ្យលោកយាយលោកតាចូលទៅបំភ្លឺនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៨ព្រឹក។
ដោយសារតែពួកគាត់ទាំង៣នាក់ បច្ចុប្បន្នមានវ័យចាស់ជរាណាស់ទៅហើយ និងម្យ៉ាងមានជំងឺប្រចាំកាយទៀតផង ចំណែកលោកតា ព្រំ សាង គាត់មានជំងឺតេតាណុសដើរមិនរួច ដោយមានដុំពកពេញដៃ ពេញជើង ដោយសារតែគាត់ រងរបួសពេញខ្លួននៅក្នុងសមរភូមិកន្លងមក។
ដោយជួបការលំបាកបែបនេះ និងដោយមានការភ័យខ្លាចគេចាប់ពួកគាត់ដាក់គុកដោយអយុត្តិធម៌ដូចលើកមុនទៀត ទើបពួកគាត់គោរពស្នើសុំថ្នាក់ដឹកនាំជួយផ្ដល់មេធាវីដើម្បីជួយដល់ពួកគាត់ ក្នុងរឿងក្តីនេះដោយក្តីអនុគ្រោះ។
សូមរំលឹកថា លោកតា លោកយាយទាំង៣នាក់ ជាគ្រួសារអតីតយុទ្ធជនខាងលើនេះ កន្លងមកត្រូវបានសាលាដំបូងខេត្តកំពង់ឆ្នាំង ផ្ដន្ទាទោសពួកគាត់ទាំង៣នាក់ ដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តាមអំណាចសាលក្រមលេខ០៤(ខ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ពីបទធ្វើឲ្យខូចខាតដោយចេតនា (មានស្ថានទម្ងន់ទោស) ពីបទព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមមាត្រា៤១១ នៃក្រមព្រហ្មទណ្ឌ។ ពួកគាត់ទាំង៣នាក់ថា បានចូលកាប់ដើមដូងងាប់១ដើម ដើមគងាប់១ដើម ព្រមទាំងបានរុះរបងរបស់ដីរបស់គេ លុះក្រោយមកនៅពេលដែលប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង ចូលមកគ្រប់គ្រងថ្មី លោកក៏បានសើរើសំណុំរឿងនេះឡើងវិញ និងបានផ្ដល់យុត្តិធម៌ជូនក្រុមគ្រួសារពួកគាត់ផងដែរ។
ករណីនេះផងដែរ កន្លងមកពួកគាត់បានព្យាយាមបញ្ជាក់ប្រាប់តុលាការថា ដីនោះ គឺជាដីកេរ្តិ៍របស់ពួកគាត់ដែលឪពុកម្ដាយ ចែកឲ្យតែបុគ្គលម្នាក់នោះ រំលោភយកហើយប្ដឹងពួកគាត់ទាំង៣នាក់ ឲ្យតុលាការចាប់ពួកគាត់ដាក់គុក។ រីឯកាចោទប្រកាន់ខាងលើនេះ ពួកគាត់ក៏បានឆ្លើយប្រាប់តុលាការថា ពួកគាត់មិនបានប្រព្រឹត្តដូចការកោរប្រកាន់នោះឡើយ អ្នកដែលកាត់ដើមឈើងាប់ទាំង២ដើមនោះ ពួកគាត់ក៏តែងតែព្យាយាមឆ្លើយប្រាប់ឈ្មោះ និងទីលំនៅរបស់បុគ្គលម្នាក់នោះ ទៅកាន់តុលាការជាញឹកញាប់ផងដែរ ប៉ុន្តែតុលាការលោកពុំ បានកោះហៅបុគ្គលនោះទៅសួរនាំម្ដងណាឡើយ។ បច្ចុប្បន្នដីមួយកន្លែងដែលមានទំនាស់នោះ ត្រូវបានតុលាការចេញដីការក្សាការពារជាបណ្ដោះអាសន្នផងដែរ៕