(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្ដាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា គណៈកម្មការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តនាំយកទៀនព្រះវស្សា និងទេយ្យទានជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ នៅអារាមវត្តអូរសោម ឃុំអូរសោម ស្រុកវាលវែង និងបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

បើតាម លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ឱ្យតែឈានចូលរដូវបុណ្យទៀនម្តងៗ ភរិយាថ្នាក់ដឹកនាំ អាជីវករ និងមន្ត្រីរាជការទាំងថ្នាក់សាខា អនុសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តែងតែបានរួបរួមសាមគ្គីគ្នា បរិច្ចាកទាំងថវិកា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃតាមបណ្តាវត្ត ក្នុងក្រុង និងនៅជនបទ។ ជាក់ស្តែងកាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ម្សិលមិញ ប្រតិភូសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានប្រគេនរួចមកហើយ នូវទានព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃ នៅអារាមវត្តកែវវិជ័យ, វត្តស្យា និងវត្តព្រែកស្តី។

ហើយសម្រាប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបន្តទៅបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ និងអារាមវត្តអូរសោម ដោយក្នុងមួយកន្លែង និងមួយវត្តទទួលបាន៖ ទៀនព្រះវស្សា ១គូ, អំពូលសូឡា ២គ្រឿង, អង្ករ ១០០គីឡូ, មីជាតិ ២កេស, ទឹកក្រូច ១កេស, ទឹកបរិសុទ្ធ ៤យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងសណ្តែក ៥លីត្រ, សៀងផ្អែម ៥គីឡូក្រាម, សាប៊ូលាងចាន ១ធុង, ប៉ុងលាងចាន ១បន្ទះ, ប៊ីចេង ២កញ្ចប់, តែ ១កញ្ចាប់, ស្កសរ ២កញ្ចាប់, ខ្ទឹមស ២គីឡូក្រាម, ធូប ១ដុំ, ទៀន ១គូ និងបច្ច័យកសាង ១,៥០០,០០០រៀល។

លោកស្រី ឈឹម ស៊ីណា  រួមទាំងគណៈកម្មការ និងអាចារ្យតំណាងវត្តនីមួយៗ បានសម្តែងនូវទឹកចិត្តសោមនស្សក្រៃលែង ចំពោះលោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្ដាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីខេត្ត ព្រមទាំងលោកស្រី ជាសមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ទាំងអស់ ដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បានចំណាយធនធានផ្ទាល់ខ្លួន ចូលរួម និងនាំយកមកនូវទៀនព្រះវស្សា រួមជាមួយនឹងគ្រឿងឧបភោគបរិភោគជាច្រើនមុខ ប្រគេនដល់ព្រះសង្ឃ សម្រាប់ទ្រទ្រង់នារដូវគង់ចាំព្រះវស្សា អស់កាល៣ខែ។

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ បានថ្លែងថា ពិធីបុណ្យសាសនារបស់ខ្មែរយើង ដែលមានតាំងពីដូនតា នៃបុព្វបុរសនោះ គឺបុណ្យចូលព្រះវស្សា ចាប់គិតពីថ្ងៃ១រោជ ខែអាសាឍ រហូតដល់ថ្ងៃ១៥កើត ខែអស្សុជ ដែលមានរយៈពេល៣ខែ ដែលស្ថិតនៅក្នុងរដូវវស្សា ភ្លៀងធ្លាក់ជោគជាំ ធ្វើឱ្យព្រះសង្ឃមិនអាចនិមន្តបិណ្ឌបាតបានឡើយ។ ក្នុងអំឡុងពេលដែលព្រះសង្ឃគ្រប់បណ្តាវត្តអារាម មិននិមន្តចេញក្រៅវត្តបាន គឺមានតែខិតខំសិក្សារៀនសូត្រនូវព្រះធម៌វិន័យ ដើម្បីអប់រំប្រៀនប្រដៅ ដល់មនុស្សគ្រប់ៗរូប ឱ្យកសាងអំពើល្អ មិនបៀតបៀនអ្នកដទៃ នាំមកនូវសេចក្តីសុខក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។

លោកស្រី បានលើកឡើងទៀតថា សមាគមនារីដែលបង្កើតឡើងមកនេះ តែងតែចុះធ្វើសកម្មភាពការងារមនុស្សធម៌នៅក្នុងសង្គម ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ពោលគឺជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ដោយគ្មានការរើសអើង និងមិនប្រកាន់អំពីនិន្នាការនយោបាយអ្វីឡើយ។ តាមរយៈនេះ លោកស្រី អាំង សុជាតា សូមបួងសួង និងឧទ្ទិសកុសលផលបុណ្យ ដែលកើតចេញពីទឹកចិត្តសទ្ធាជ្រះថ្លា របស់អស់លោក លោកស្រី បានទៅដល់អ្នកមានគុណ និងញាតិការទាំងប្រាំពីសន្តានគ្រប់ៗគ្នា៕